Covid-19

ក្រសួងអប់រំ អនុញ្ញាតឲ្យបើកហាត់ហ្វឹកហ្វឺន និងប្រកួតលីគកីឡាឡើងវិញ ជាជំហានៗ

ភ្នំពេញ៖ ក្រសួហអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ បើកដំណើរការហាត់ ហ្វឹកហ្វឺន និងប្រកួតលីគកីឡា របស់ខ្លួនឡើងវិញជាជំហានៗ ប៉ុន្តែត្រូវមានផែនការអនុវត្តច្បាស់លាស់ និងត្រូវ គោរពតាមលក្ខខណ្ឌមួយចំនួន ដើម្បីបន្តការពារការ រីករាលដាលកូវីដ១៩។

យោងតាមសេចក្ដីជូនដំណឹងក្រសួងអប់រំ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លក្ខខណ្ឌមួយចំនួននោះរួមមាន៖ ទី១-រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត ត្រូវគោរពតាមនិយាមបច្ចេកទេស ដើម្បីធានា សុវត្ថិភាព។ ទី-២ទីកន្លែង និងឧបករណ៍សម្ភារៈ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ។ទី៣-កីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសត្រូវបានពិនិត្យ ថែទាំសុខភាពត្រឹមត្រូវ និងម៉ឺងម៉ាត់ជាប្រចាំតាមការណែនាំ និងសហការជាមួយក្រសួងសុខាភិបាល។ ទី៤-ត្រូវធ្វើសេចក្តីណែនាំទៅក្លិបលីគ ដើម្បីបំពេញលក្ខខណ្ឌ ម៉ឺងមាត់មុនហាត់ និងប្រកួត។

ទី៥-ការប្រកួតលីគត្រូវបិទទ្វារ ធានាថាមិនមានទស្សនិកជន។ ទី៦-ការប្រកួតបើកមិនត្រូវឲ្យមានចំនួនកីឡាករ និងមន្ត្រីលើសពី១០០នាក់ឡើយ។ ទី៧-ត្រូវមានវិន័យក្នុងការអនុវត្តគម្លាតសង្គម និងតម្លាតបុគ្គល (មិនត្រូវចាប់ដៃ និងឱបរឹតគ្នាពេលទាត់ចូលឡើយ)។ ទី៨-ត្រូវធានាថា កន្លែងហាត់ និងប្រកួតលីគ មិនមែនជាកន្លែងឆ្លងជំងឺកូវីដ១៩ រលកទីពីរឡើយ។ទី៩-ករណីការប្រកួតលីគអនុវត្ត ពុំបានត្រឹមត្រូវតាមវិធាន និងការណែនាំបច្ចេកទេស របស់ក្រសួងសុខាភិបាល សហព័ន្ធនឹងត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់។

សូមបញ្ជាក់ថា ក្រសួងអប់រំបានបិទមិនឲ្យមានការហាត់ ហ្វឹកហ្វឺន និងការប្រកួតលីគកីឡា ចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដើម្បីការពារការរីករាលដាលកូវីដ១៩៕

ដោយ៖ធី លីថូ

To Top