ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ និងប្រើប្រាស់បារីអេឡិចត្រូនិច ឃាត់ខ្លួន៩នាក់

ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ប្រើប្រាស់បារីអេឡិចត្រូនិច និងអ្នកលក់ចែកចាយបារីអេឡិចត្រូនិច ចំនួន២ទីតាំង ឃាត់ខ្លួនមនុស្សសរុប ចំនួន៩នាក់ ។

កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់​ ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ ចំពោះករណីក្មេងទំនើង បង្ហោះម៉ូតូតាមផ្លូវសាធារណ: និងប្រើប្រាស់បារីអេឡិចត្រូនិច យ៉ាងអនាធិបតេយ្យ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១៤:១០នាទី កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ៦នាក់ ដែលតែងធ្វើសកម្មភាព បង្ហោះម៉ូតូនៅចំណុចបុរី លឹម ឈាងហាក់ ផ្លូវបេតុងលេខ៦ ផ្ទះលេខ៥៤ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភំ្នពេញ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើង ដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាច ដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម ដោយដកហូតបារីអេឡិចត្រូនិច(វ៉ែប)ចំនួន ១ដើម និងម៉ូតូ ៦គ្រឿង ត្រូវយកទៅរក្សាទុករយៈពេល ៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ 

នៅថ្ងៃដដែល បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌដង្កោ បានបន្តចុះបង្ក្រាបទីតាំង លួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី២កន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺនៅចំណុចផ្លូវបេតុង កែងផ្សារថ្នល់បត់ ភូមិថ្មី សង្កាត់ដង្កោ និងចំណុចផ្លូវបេតុង ផ្ទះលេខ៧២៣ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភំ្នពេញ និងបានចាប់យកវត្ថុតាង រួមមាន៖ ម៉ាសុីនជក់ចម្រុះម៉ាក ចំនួន ២០៩ ម៉ាសុីន ក្បាលជក់ចម្រុះម៉ាក ចំនួន ១០៥ក្បាល ទឹកVape (វេប) ចំនួន ២ដប , YOOZ ចំនួន០២ប្រអប់, ខ្សែពាក់កមួយចំនួនទៀត ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងទាំង០២កន្លែង នាំយកមកអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯនិងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច ០១នាក់ ត្រូវបានអប់រំណែនាំ និងធ្វេីកិច្ចសន្យា រួចអោយឪពុកម្តាយ មកធានាអោយត្រឡប់ទៅផ្ទះវិញ ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ ជាច្រើនករណីមកហើយ៕

To Top