រដ្ឋមន្រ្តីសុខាភិបាល៖ ភាពរឹងមាំរបស់សុខាភិបាល កាន់តែប្រសើរជាលំដាប់
ភ្នំពេញ ៖ លោក សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ខណៈប្រព័ន្ធសុខាភិបាលកំពុងតែដំណើរការទៅយ៉ាងស្វាហាប់នោះ ភាពរឹងមាំរបស់វិស័យសុខាភិបាល ក៏កាន់តែប្រសើរជាលំដាប់គួរឲ្យកត់សម្គាល់។
ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលបែបនេះ ក្នុងឱកាសនាំយកកញ្ចប់សម្ភារបរិក្ខារពេទ្យ ជាអំណោយរបស់អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា តាមរយៈក្រសួងសុខាភិបាល ប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងជួយដល់ស្រ្តីរងគ្រោះ មាតា និងទារកទើបនឹងកើតនាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងមតិផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តទាំងអស់ បន្តខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ជនភៀសសឹក និងវីរកងទ័ព នៅតាមតំបន់ព្រំដែនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរចំពោះវីរភាពដ៏ថ្លៃថ្លា ការតស៊ូលះបង់ខ្ពស់ ផ្តូរផ្តាច់ និងភាពរឹងមាំរបស់មន្ត្រីសុខាភិបាល ក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ និងលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលទាំងអស់ ដើម្បីលើកម្ពស់សុខភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
សូមជម្រាបជូនថា ក្នុងដំណើរបេសកកម្មរបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូសុខាភិបាលរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៣១ មករា ដល់ថ្ងៃទី១ ខែកុម្ភៈ បានចុះពិនិត្យមូលដ្ឋានសុខាភិបាលដំណើរការ និងបើកដំណើរការឡើងវិញ នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ។ ក្នុងបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចុះពិនិត្យដោយផ្ទាល់នូវការរៀបចំស្តារ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីបន្តនិរន្តរភាពឲ្យកាន់តែល្អប្រសើរឡើង ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានការថែទាំ ព្យាបាលនោះទេ៕








