ព័ត៌មានជាតិ

វិភាគ៖ អ៊ីរ៉ង់ផ្គើនអាមេរិក ដោយមិនញញើត ទោះបីជាការប្រឈមមុខ ដាក់គ្នាដោយអាវុធនៅតែបន្ត បច្ចុប្បន្នភាព

លោកស្រី Giovanna Michelle អ្នកជំនាញផ្នែក ទំនាក់ទំនងអន្តរជាតិរបស់ប្រទេសបារាំង បាននិយាយថា នៅពេលបច្ចុប្បន្ននេះ មេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែបន្តផ្គើន និងគំរាមគ្នាទៅវិញទៅ មកដដែល ដែលនាំអោយភាពតានតឹងរវាងប្រទេសទាំងពីរ នៅតែបន្តកើតឡើងដដែល ។

កាលពីថ្ងៃទី៣ ខែឧសភានេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី បានគំរាមនឹងបណ្តេញកងទ័ពអាមេរិកចេញ អោយអស់ពីបណ្តាប្រទេសនៅ តំបន់មជ្ឈិមបូព៌ា មាននៅប្រទេស អ៊ីរ៉ាក់ អ៊ីស្រាអែល អារ៉ាប៊ី សាអ៊ូឌីត អូម៉ង់ កាតា និងប្រទេសអារ៉ាប់រួមជាដើម រួមទាំងកងទ័ពអាមេរិកនៅ តំបន់ឈូងសមុទ្រ ពែក្ស ។

ក្រៅតែពីគំរាម អ៊ីរ៉ង់ក៏បានផ្គើនអាមេរិកផងដែរ ដោយដឹកប្រេងឥន្ធនៈប្រមាណ៥នាវាទៅអោយប្រទេសវ៉េណេស៊ុយអេឡា ដែលមានបរិមាណប្រេង ជាង១លាន៥សែនធុង កាលពីថ្ងៃអាទិត្យ ទី០៤ ខែឧសភាដដែលនេះ ដែលជាទង្វើនាំអោយអាមេរិកក្តៅស្លឹកត្រចៀក និងខឹងសម្បារយ៉ាងខ្លាំង ។

សូមបញ្ជាក់ជូនថា មុនពេលអ៊ីរ៉ង់ដឹកប្រេងឥន្ធនៈទៅ អោយវ៉េណេស៊ុយអេឡា អាមេរិកបានព្រមានថា ខ្លួននឹងបិទផ្លូវមិនអោយនាវាដឹកប្រេង របស់អ៊ីរ៉ង់ធ្វើដំណើរទៅកាន់វ៉េណេស៊ុយអេឡាបានទេ ប៉ុន្តែអ៊ីរ៉ង់បានព្រមានអាមេរិកវិញថា បើអាមេរិកហ៊ានបិទផ្លូវនាវាដឹកប្រេងរបស់ខ្លួន ខ្លួននឹងឆ្លើយតបអោយបានស្រប ។
ចំណែកនៅឈូងសមុទ្រពែក្ស (Persian Gulf) វិញ កងនាវាចម្បាំងរបស់ប្រទេសទាំងពីរ បានចោទប្រកាន់គ្នាជាញឹកញាប់ បីបទបំពាន ឬមានចេតនាបង្កហិង្សាតាមរយៈបើកបរនាវាចម្បាំងទៅជិត ឬគាបនាវាចម្បាំងភាគីម្ខាងទៀត ដែលអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់៣លើកហើយ ហើយអ៊ីរ៉ង់ក៏បានចោទប្រកាន់ អាមេរិក៤លើកដែរ ហើយមិនតែប៉ុណ្ណោះ ភាគីទាំងពីរបានគំរាមវាយប្រហារ ដោយអាវុធទៅវិញទៅមក។

ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយមានភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ គឺបានកើតឡើងចាប់តាំងពីថ្ងៃ ទី០៨ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ និងដាក់ទណ្ឌកម្មគ្រប់យ៉ាងលើប្រទេសអ៊ីរ៉ង់ ដូចកាលពីមុនមានកិច្ចព្រមព្រៀងនេះ ។
មូលហេតុដែលនាំអោយលោក ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ គឺដោយសារប្រធានាធិបតីអាមេរិករូបនេះយល់ថា កិច្ចព្រមព្រៀងនេះមិនគ្រប់ជ្រុងជ្រោយ និងចាញ់ប្រៀបអ៊ីរ៉ង់ ដោយកិច្ចព្រមព្រៀងនេះមានចែងតែកុំអោយអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែមិនបានចែងពីការហាមប្រាមអ៊ីរ៉ង់មិនអោយពង្រីកឥទ្ធិពលក្នុងតំបន់នោះទេ ។

សូមបញ្ជាក់ជូនថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥កន្លងទៅ ដោយប្រទេសមហាអំណាច៥បូក១នៅលើពិភពលោក មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង អង់គ្លេស និងប្រទេសអាល្លឺម៉ង់ រួមទាំងអ៊ីរ៉ង់ជាសាមីប្រទេស ។
ក្នុងចំណោមប្រទេសហត្ថលេខីទាំងនេះ គឺមានតែអាមេរិកទេដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ប៉ុន្តែប្រទេសហត្ថលេខីផ្សេងទៀតនៅតែគាំទ្រ និងជំរុញអ៊ីរ៉ង់ អោយរក្សា និងអនុវត្តតាមកិច្ចព្រមព្រៀងនេះដដែល ។
បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អាមេរិកបានបញ្ជូននាវាដឹកយន្តហោះចម្បាំង នាវាចម្បាំង និងក្រុមនាវាប្រយុទ្ធទៅកាន់ឈូងសមុទ្រ ពែក្ស ដើម្បីដាក់គំនាបខាងយោធាលើប្រទេសអ៊ីរ៉ង់ ក្នុងបំណងបង្ខំអ៊ីរ៉ង់អោយចរចាជាមួយអាមេរិក ឈានទៅដល់ការស្វែងរកកិច្ចព្រមព្រៀងថ្មី ដែលគ្រប់ជ្រុងជ្រោយតាមការចង់បានរបស់អាមេរិក ។
ចំណែកអ៊ីរ៉ង់មិនព្រមចរចាជាមួយអាមេរិកទេ ទោះបីជាអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងដាក់គំនាបខាងយោធាលើអ៊ីរ៉ង់ក៏ដោយ ព្រោះអ៊ីរ៉ង់យល់ថា បើចរចាសាជាថ្មីជាមួយអាមេរិក គឺត្រូវធ្វើតាមការចង់បានរបស់អាមេរិកទាំងស្រុង ខណៈដែលភាគីហត្ថលេខីផ្សេងទៀតនៅគាំទ្រអ៊ីរ់ង់នៅឡើយ ។
សន្និដ្ឋាន៖ តើអាចនឹងមានរឿងអ្វីកើតឡើង បើភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់នៅតែបន្តកើតឡើង ?
បើភាពតានតឹងរវាងភាគីទាំងពីរនៅតែបន្តកើនឡើងតទៅទៀត ការប៉ះទង្គិចគ្នាដោយអាវុធនឹងអាចកើតនៅពេលខាងមុខ ហើយគ្រោះមហន្តរាយក៏នឹងអាចកើតឡើងផងដែរ នៅតំបន់មជ្ឈិមបូព៌ា និងនៅជុំវិញពិភពលោក ។
អ្នកជំនាញខាងភូមិសាស្ត្រនយោបាយបាននិយាយថា ប្រសិនបើសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើង គឺសង្គ្រាមនេះមិនងាយនឹងចប់ទេ ហើយកងទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា មាននៅប្រទេស អ៊ីរ៉ាក់ អ៊ីស្រាអែល អារ៉ាប៊ី សាអ៊ូឌីត អូម៉ង់ កាតា និងប្រទេសអារ៉ាប់រួមជាដើម នឹងមិនអាចបានសុខនោះទេ ហើយអសន្តិសុខក្នុងតំបន់ និងនៅជុំវិញពិភពលោកក៏អាចកើតមានដែរ ៕

ផលប៉ះពាល់
ប៉ះពាល់ធ្ងន់ធ្ងរជាងគេដែលអាចនឹង កើតឡើង ប្រសិនអាមេរិក មានសង្គ្រាមជាមួយអ៊ីរ៉ង់ គឺអសន្តិសុខក្នុងតំបន់ និងនៅជុំវិញពិភពលោក ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងអាចជាសង្គ្រាមរ៉ាំរ៉ៃមិនងាយនឹងបញ្ចប់បាន ៕ ដោយ អ៊ិន ជិន

To Top