ជនបរទេសជាង ១ពាន់នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការបណ្ដេញចេញជនបរទេសចំនួន ១,០៨៩នាក់ចេញ ពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីប្រព្រឹត្តបទល្មើស ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១៤-១៥-១៦ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ១០៨៩នាក់ (ស្រី ៥៧នាក់) មាន ១៤សញ្ជាតិ រួមមាន ចិន យ៉ូហ្គង់ដា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប៉ាគីស្ថាន កូរ៉េ វៀតណាម ចិនតៃវ៉ាន់ ហ្វីលីពីន នីហ្សេរីយ៉ា ឥណ្ឌា បង់ក្លាដេស កេនយ៉ា និងនេប៉ាល់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនជាតិវៀតណាមបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិព្រែកចាក ជនបរទេសទាំងអស់នេះពាក់ព័ន្ធករណីលួចឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោត ឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕
