រដ្ឋបាលស្រុកបាកាន ៖ ការលើកឡើងថា គ្រូទាត់សិស្សម្នាក់ រហូតដល់បាក់ជើង ជារឿងមិនពិត
ភ្នំពេញ ៖ រដ្ឋបាលស្រុកបាកាន ខេត្តពោធិ៍សាត់ បានស្រាយបំភ្លឺ ចំពោះករណីដែលបានលើកឡើង និងចែកចាយជាបន្តបន្ទាប់ថា គ្រូបានទាត់សិស្សម្នាក់ រហូតដល់បាក់ជើង ដោយសារមិនមានស្បែកជើងប៉ាតា(ទ្រនាប់ជើងប៉ាតា) គឺជារឿងមិនពិតនោះទេ ។

យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកបាកាន នៅថ្ងៃទី១៧ កុម្ភៈ បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានការចុះផ្សាយផ្ទាល់ លើគេហទំព័រឈ្មោះ កា ទ្រីត និងគណនីឈ្មោះ Lin You ដែលបានផ្សាយបន្តផ្ទាល់លើគេហទំព័ររបស់ខ្លួនថា “គ្រូ ទាត់ មួយទំហឹងពីក្រោយ ធ្វើឱ្យក្មួយខ្ញុំបាក់ជើង កជាខ្ទុះ ត្រូវចូលពេទ្យវះកាត់ សង្គ្រោះបន្ទាន់…………. មូលហេតុគ្រូទាត់ គឺអត់មានស្បែកជើងប៉ាតា ពាក់ទៅរៀន (ម៉ាក់ នៅឆ្ងាយមិនទាន់មានពេលផ្ញើលុយឱ្យទិញពាក់) ក៏ដាក់ពិន័យ” ។
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលស្រុកបាកាន បំភ្លឺថា ករណីសិស្សឈ្មោះ លី សុវណ្ណរាជ រៀនថ្នាក់ទី៧ “C” នៃវិទ្យាល័យព្រះម្លូរ ស្នាក់នៅជាមួយ លោកយាយឈ្មោះ ទូច លាប រស់នៅភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់នេះ បានលេងទាត់បាល់ជាមួយមិត្តភ័ក្ត ឈឺជើងឆ្វេង តាំងពីមុនថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃកើតហេតុ ។ ដោយសិស្ស លី សុវណ្ណរាជ បានដាក់ជើងឈឺស្រាប់ដែលបណ្តាលមកពីគ្រិច និងមុតអំបែងកែវលើបង់អង្គុយ ពេលនោះលោកគ្រូ សេន សុថៃ កំពុងអប់រំណែនាំ និងមិនបានដឹងពីអាការរបស់សិស្ស ទើបយកជើង ឆ្លុះទម្លាក់ពីលើបង់ ដែលបណ្តាល ឱ្យមានការចោទប្រកាន់ថា បានទាត់បាក់ជើងសិស្សរូបនេះ។

សេចក្តីបំភ្លឺបន្តថា រហូតមកដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ សិស្សរូបនេះ មានអាការក្តៅខ្លួនខ្លាំង ទើបលោកគ្រូ កូវ ដារ៉ា និងអ្នកគ្រូ កែវ សុខឃឹម បាននាំមកមន្ទីរពេទ្យបង្អែកបាកាន ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ តាមការបញ្ជាក់ពីម្តាយ គឺកូនរបស់គាត់មានជំងឺគ្រុនឈាម ។ ម្តាយគាត់បានប្រាប់ថា ពេទ្យព្យាបាលជំងឺគ្រុនឈាមមុនសិន ទើបព្យាបាលជើងតាមក្រោយ ។

សេចក្តីបំភ្លឺបញ្ជាក់ថា កំឡុង៣ថ្ងៃក្រោយមក ទើបអាណាព្យាបាលសិស្សបានមកសុំច្បាប់ ដើម្បីយកកូនទៅព្យាបាលនៅរាជធានីភ្នំពេញ ។ តាំងពីពេលនោះ មកក៏មិនមានដំណឹង និងមិនបានទាក់ទងគ្នាដែរ ទើបតែដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានការបង្ហោះតាមបណ្តាញសង្គមគណនីឈ្មោះ កា ទ្រីត និងមានការចែករំលែកជាបន្តបន្ទាប់ ធ្វើឱ្យសាធារណជនមានការ ភ័ន្តច្រឡំ ។
ដូច្នេះសេចក្តីបំភ្លឺបញ្ជាក់ថា “ករណីដែលបានលើកឡើងថា គ្រូពិន័យ ដែលសិស្សនោះមិនមានឯកសណ្ឋាន (ទ្រនាប់ជើងប៉ាតា) គឺមិនពិតនោះទេ តែសាលានៅតែលើកទឹកចិត្ត សិស្សានុសិស្សទាំងអស់ឱ្យគោរពវិន័យសាលា” ។
ជាមួយគ្នានេះ គណៈគ្រប់គ្រងសាលា រង់ចាំទទួលការចូលខ្លួនមកបំភ្លឺ និងដោះស្រាយចំពោះមុខអាណាព្យាបាលសិស្ស តែមកដល់ពេល នេះមិនមានសាច់ញាតិណាមកទំនាក់ទំនងដោះស្រាយ ព្រមទាំងអាជ្ញាធរស្រុក និងមន្ទីរអប់រំខេត្តបានព្យាយាមទំនាក់ទំនងម្ចាស់គណនីឈ្មោះ កា ទ្រីត ប៉ុន្តែទាក់ទងមិនបាន ហើយនៅតែបន្តចែករំលែកក្នុងបណ្តាញសង្គម ៕
