ទស្សននិងមតិ ៖ តើការលេចរូបភាព ជនសង្ស័យ នៅកន្លែងឃុំឃាំង គួរតែយកមកសិក្សាដែរឬទេ?
ការថតរូប និងបង្ហោះរូបជនសង្ស័យ ក្នុងកន្លែងឃុំឃាំង ដូចជារូបថតដែលបានឃើញនៅក្នុងករណីនេះ គឺជាបញ្ហាដែលត្រូវរិះគន់ក្នុងន័យស្ថាបនា ព្រោះវាប៉ះពាល់ដល់សិទ្ធិមនុស្សជាមូលដ្ឋាន និងដំណើរការយុត្តិធម៌។

នៅកម្ពុជា បទប្បញ្ញត្តិពន្ធនាគារ និង ច្បាប់ព្រហ្មទណ្ឌ ជាទូទៅហាមឃាត់ការថតរូប ឬចែកចាយរូបភាពខាង ក្នុងកន្លែងឃុំឃាំង ដោយគ្មានការអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ។ ការលេចចេញនូវរូបភាពបែបនេះ មានសំណួរចោទសួរថា៖ តើរូបថតនេះត្រូវបានថត ដោយអនុញ្ញាតពីសមត្ថកិច្ចដែរទេ ឬ ដើមបណ្តឹងស្នើរសុំថត ឬក៏សមត្ថកិច្ចផ្ទាល់ជាអ្នកថត? ហេតុអ្វីបានជាដើមបណ្តឹងមានរូបថត លើសពីនោះបង្ហោះជាសាធារណៈ ហើយដាក់រូបច្បាស់ថែមទៀត យ៉ាងហោចណាស់ គួរតែដាក់ព្រាលនៅលើមុខជនសង្ស័យ។ ចំពោះករណីនេះ តើគួរមានវិធានការលើអ្នកថតរូបនេះដែរទេ?

នៅក្នុងប្រព័ន្ធយុត្តិធម៌ ជនសង្ស័យនៅតែមានសិទ្ធិត្រូវបានគេសន្មត់ថាគ្មានទោស រហូតដល់តុលាការសម្រេច។ ការថតរូបពេលជនសង្ស័យកំពុងស្ថិតក្នុង បន្ទប់ឃាត់ខ្លួន កន្លែងឃុំឃាំង ឬក្នុងគុក ហើយបង្ហោះជាសាធារណៈ គឺជាការបំពានលើសេចក្តីថ្លៃថ្នូរមនុស្ស។ វាអាចបង្កឱ្យជនសង្ស័យរងការវិនិច្ឆ័យជាមុនពីមតិសង្គមសាធារណៈ។

សំណេរលើរូបថត៖ “មេខ្លោងធំ លក់អុីវ៉ាន់ក្លែងក្លាយ🤫 គុបពី ប្រេនណាអត់ដឹងទេ តែកុំប៉ះប្រេនMiss ខ្ញុំ ប្រាប់ហេីយតេី ធ្វេី មិនបែកខ្ញុំបិតក្រុមហ៊ុនចោល នៅអ្នកលក់បន្តទៀត ត្រៀមខ្លួន 💥 អ្នកឯងបំផ្លាញ ទំនុកចិត្តភ្ញៀវខ្ញុំ សុីកម្លាំងញេីសឈាមខ្ញុំ កុំបន្ទោសថា ខ្ញុំ គ្មានមេត្តា🎉 ស្គាល់ខ្ញុំអោយច្បាស់ អ្នកមានភស្តុតាង ដាក់ចូលឆាត មិនមែន វ៉ៃ1គំរាម100 ទេ គឺ មាន100វ៉ៃ ទាំង100✅”។
ការបង្ហោះបែបនេះអាចធ្វើឱ្យសាធារណជនមានការយល់ឃើញថា “គុកគឺជាកន្លែងសម្រាប់បង្ហាញអារម្មណ៍” ជាជាងកន្លែងដែលត្រូវគោរពសិទ្ធិមនុស្ស និងដំណើរការច្បាប់។ វាក៏អាចបង្កឱ្យមានការចែករំលែកព័ត៌មានឬការវិនិច្ឆ័យដោយមិនដឹងអង្គហេតុ។

ទស្សនក្នុងអត្ថបទនេះ វាមិនមែនជាការលើកទឹកចិត្តឱ្យ “មិនបង្ហោះ” ទាំងស្រុងទេ ប៉ុន្តែគួរបង្ហោះដោយមានការទទួលខុសត្រូវ គោរពសីលធម៌ និងផ្តោតលើដំណោះស្រាយស្ថាបនា ជាជាងការបង្កើត drama បន្ថែម។ តើអស់លោកលោកស្រីយល់យ៉ាងណាដែរ?
ដោយ៖ សយ រិទ្ធី/ភ្នំពេញ/ដើមអម្ពិល
