លុចសំបួរ បង្ហាញបំណង ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍តំបន់ជនបទ នៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោក Thomas Lammar, ភារធារីស្តីទីនៃស្ថានទូតលុចសំបួ ប្រចាំប្រទេសឡាវ ទទួលបន្ទុកកិច្ចការសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោក ឆាយ ឫទ្ធិសែន បានសម្តែងកាស្វាគមន៍ចំពោះ លោកភារធារីស្តីទី និងសហការី ដែលបានអញ្ជើញមកនាឱកាសនេះ។

លោក ឆាយ ឫទ្ធិសែន ក៏បានជម្រាបជូនប្រតិភូ អំពីការអភិវឌ្ឍប្រទេស ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។


លោក ឆាយ ឫទ្ធិសែន ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ស្របតាមគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដែលបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន៥ ផងដែរ។
លោកThomas Lammar បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍ ក្នុងសន្ទុះមួយដ៏លឿន របស់កម្ពុជា។


លោកក៏បានលើកឡើង អំពីកាចាប់ផ្តើមធ្វើទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលលុចសំបួរ និងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ហើយជំនួបនាពេលនេះ គឺជាការបន្តធ្វើទំនាក់ទំនង ក្នុងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតបន្ថែម។

លោក Thomas Lammar បានបន្តលើកឡើងទៀតថា ការអភិវឌ្ឍន៍នៅតំបន់ជនបទ ពិតជាមានសារៈសំខាន់ ដូចនេះ លុចសំបួរនិងចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ជនបទ នៅក្នុងប្រទេសកម្ពុជា។

លោក Thomas Lammar បានស្នើអោយមានការសិក្សាលទ្ធភាព ក្នុងការអនុវត្តគម្រោងរួមគ្នា នាថ្ងៃអនាគត ដោយទីភ្នាក់ងាអភិវឌ្ឍន៍លុចសំបួរ សហការជាមួយមន្ត្រីបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានសម្តែងសេចក្ដីរីករាយ និងថ្លែងអំណរគុណចំពោះ លោកភារធារីស្តីទី និងសហការី ដែលបានបង្ហាញ អំពីការចង់ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លោករដ្ឋមន្ត្រីក៏បានបង្ហាញអំពីឆន្ទៈ ធ្វើអោយកិច្ចសហប្រតិបត្តការនេះ សម្រេចបានជោគជ័យផងដែរ៕
