ជាធម្មតា អ្នកនៅកណ្តាល មិនជាស្រួលប៉ុន្មាននោះទេ ប្រសិនបើអ្នកជិតខាង មានបំណងមិនល្អ ឬចង់រំលោភបំពាន តែអ្វីៗវាជាការពិត ព្រោះតែយើងនៅកណ្តាល ហើយថែមទាំងក្រទៀតនោះ ។
សម្តីតវ៉ា លើកទី១ របស់អ្នកផ្ទះកណ្តាល ដោយប្រយោលថា «មកពីមានអាមួយនៅពីលើក្បាលហ្នឹងតែម្តង» កូនៗនៅពេលស្តាប់ឮ សម្តីរបស់ឪពុកនិយាយដូចនេះ មិនបានចាប់អារម្មណ៏ អំពីការឈឺចាប់ ដែលឪពុកមិនអាច ធ្វើអ្វីបានដោយមានគំនាបនោះទេ តែបែរជាយល់ថា តាមពិតឪពុករបស់ខ្លួន គឺជាជនកំសាកមួយរូបតែប៉ុណ្ណោះ។
សម្តីតវ៉ាលើកទី២ ក្រោយពេលកូនៗធំ គ្រាន់បើហើយ ចេះរកស៊ីហើយ ចំណែកអ្នកជិតខាង ក៏បានកេងចំណេញ មិនតិចប៉ុន្មានដែរនោះ ក៏និយាយម្តងទៀតថា «បានប៉ុណ្ណឹង ហើយ ចង់បានប៉ុណ្ណាទៀត» នៅពេលដែលកូនៗ បានឮសម្តីចេញពីមាត់ឪពុក ដូចនេះក៏នាំគ្នារិះគន់ ឪពុកខ្លួនម្តងទៀតថា ជាមនុស្សដែលគិតតែ ពីប្រយោជន៏ផ្ទាល់ខ្លួន មិនគិតពីកូនចៅ តែធាតុពិតសម្តីរបស់ឪពុក ចង់និយាយសំដៅ ដល់រូបភាពពីរយ៉ាង៖
១-អ្នកជិតខាង គួរចេះឆ្អែតឆ្អន់ នឹងគ្រប់គ្រាន់ចំពោះអ្វី ដែលខ្លួនទទួលបាន មួយរយៈពេលកន្លងមកនេះ បើនិយាយអោយខ្លីគឺ ល្មមៗបានហើយ
២-ចង់និយាយទៅកូនៗរបស់ខ្លួន ដែលមានលទ្ធភាពគ្រប់គ្រាន់ គួរណាស់ចេះចែករំលែក ជួយយកអាសារ កុំជិះជាន់គៀបសង្កត់ ព្រោះសុទ្ធតែជាបងប្អូនឯងនោះទេ ខ្លួនមានការហូបចុក ហូរហៀរណាស់ទៅហើយ ល្មមដល់ពេលចេះជួយគ្នា ខ្លះហើយ។
សម្តីតវ៉ាលើកទី៣ ឆ្លងកាត់ការវិវឌ្ឍន៏នៃពេលវេលា កាន់តែទូលំទូលាយទៅ កិត្តិយសរបស់អ្នកផ្ទះកណ្តាល ចាប់ផ្តើមមានមុខមានមាត់ ប្រហាក់ប្រហែល នឹងអ្នកផ្ទះជិតខាង ។
តែដោយការហូបចុក មិនសូវជាសម្បូរសប្បាយ កូនៗផ្ទះកណ្តាល បានទៅទិញចំណីអាហារ ពីផ្ទះអ្នកជិតខាងមកហូប ពេលនោះឪពុក ក៏និយាយថា «បើដឹងថាអាហ្នឹងមិនល្អ ហើយនៅទៅទិញស៊ី ធ្វើអ្វីទៀត» ពេលនោះកូនៗ ក៏ចាប់ផ្តើមបន្ទោស ឪពុករបស់ខ្លួនម្តងទៀតថា មិនចេះគិតគូរពីសុខភាពរបស់កូនៗ តែធាតុពិត ក្នុងនាមជាឪពុកម្តាយ ដែលរាប់អានគ្នា មិនអាចហាមាត់ និយាយដោយត្រង់បាននោះទេ មានតែកូនខ្លួនទេ គួរស្វែងយល់ថា ឪពុកម្តាយនិយាយបែបនេះ មានបំណងអ្វី?