ធនាគារ APD ចេញសេចក្ដីថ្លែងការណ៍ បដិសេធព័ត៌មានមិនពិត និងបញ្ជាក់ពីភាពរឹងមាំ នៃប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន
ភ្នំពេញ៖ ធនាគារ អេស៊ី-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក (APD Bank) នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះ បានចេញសេចក្ដីជូនដំណឹងជាផ្លូវការមួយ ដើម្បីធ្វើការបកស្រាយ និងមោឃភាពចំពោះរាល់ពាក្យចចាមអារ៉ាមអវិជ្ជមានទាំងឡាយ ដែលបាននិងកំពុងចែកចាយនៅលើបណ្តាញសង្គមក្នុងបំណងអាក្រក់ បង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ ធនាគារ APD បានប្រកាសយ៉ាងដាច់អហង្ការថា រាល់ការលើកឡើងដែលថាធនាគារមានបញ្ហា ឬជាប់ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីណាមួយនោះ គឺជាព័ត៌មាន “មិនពិតទាំងស្រុង” និងមានចេតនាទុច្ចរិតដើម្បីបង្កចលាចល និងប៉ះពាល់ដល់ស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។
ដើម្បីផ្ដល់ភាពជឿជាក់ដល់អតិថិជន ធនាគារបានបង្ហាញថាខ្លួនមានការគាំទ្រយ៉ាងរឹងមាំពីភាគទុនិកដែលមានសក្តានុពលខ្ពស់។ បច្ចុប្បន្ន ភាគទុនិករបស់ធនាគារ APD បានវិនិយោគលើវិស័យចម្រុះជាច្រើនទាំងក្នុង និងក្រៅប្រទេស រួមមានវិស័យអចលនទ្រព្យ ថាមពល និងតំបន់សេដ្ឋកិច្ចពិសេស ដែលមានតម្លៃទ្រព្យសកម្មសរុបប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។
ធនាគារបានបញ្ជាក់ថា ចាប់តាំងពីដំណើរការក្នុងឆ្នាំ២០១៦មក ខ្លួនតែងតែគោរពតាមច្បាប់ និងបទបញ្ញត្តិរបស់ ធនាគារជាតិនៃកម្ពុជា យ៉ាងតឹងរ៉ឹងបំផុត និងមានប្រតិបត្តិការប្រកបដោយអនុលោមភាព និងស្ថិរភាពខ្ពស់បំផុត។
បច្ចុប្បន្ន ធនាគារកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងផ្នែកច្បាប់ ដើម្បីស្វែងរកប្រភព និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល ឬក្រុមណាដែលបានបង្កើត និងចែកចាយពាក្យចចាមអារ៉ាមអាក្រក់ទាំងនេះ។
ជាចុងក្រោយ ធនាគារ អេភីឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងសាធារណជន ដែលតែងតែផ្តល់ទំនុកចិត្ត និងបន្តការគាំទ្រមកលើធនាគារ។ ធនាគារក៏បានអំពាវនាវឱ្យសាធារណជនតាមដានព័ត៌មានផ្លូវការតាមរយៈបណ្តាញផ្សព្វផ្សាយរបស់ធនាគារផ្ទាល់ ដើម្បីជៀសវាងការចាញ់បោកព័ត៌មានក្លែងក្លាយ។
