ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាភិបាលធនាគារ APD ចេញសារបញ្ជាក់ពីស្ថិរភាពសេវាកម្ម និងថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា ក្នុងការជួយពន្យល់សាធារណជន

ភ្នំពេញ៖ លោក វង្ស ពេជ្រ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក (APD Bank) បានចេញសារថ្លែងអំណរគុណ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារផលប្រយោជន៍អតិថិជន ព្រមទាំងធានានូវនិរន្តរភាពនៃសេវាកម្មធនាគារ បន្ទាប់ពីមានការរំខានដោយសារការថែទាំប្រព័ន្ធនាពេលថ្មីៗនេះ។

នៅក្នុងសារលិខិតផ្ញើជូនអតិថិជន និងសាធារណជន លោកប្រធានក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃធនាគារ APD កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាឱ្យបាននូវស្ថិរភាព សន្តិសុខ និងនិរន្តរភាពនៃសេវាកម្ម។ លោកក៏បានសុំការយោគយល់ពីអតិថិជនចំពោះផលរំខានខ្លះៗដែលកើតចេញពីការធ្វើបច្ចុប្បន្នភាព និងថែទាំប្រព័ន្ធធនាគារនាពេលកន្លងមក។

ក្នុងឱកាសនេះដែរ លោក វង្ស ពេជ្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ដែលបានចេញសេចក្ដីថ្លែងការណ៍ពន្យល់យ៉ាងក្បោះក្បាយដល់សាធារណជន ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋសម្រុកមកដកប្រាក់បញ្ញើ។ ការបកស្រាយនេះបានជួយឱ្យសាធារណជនយល់ច្បាស់ និងកាត់បន្ថយការភ័យខ្លាចដែលបង្កឡើងដោយព័ត៌មានមិនច្បាស់លាស់។

ធនាគារ APD បន្តអះអាងថា ប្រតិបត្តិការរបស់ខ្លួនគឺធ្វើឡើងស្របតាមបទប្បញ្ញត្តិ និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីធនាគារជាតិនៃកម្ពុជា។ ធនាគារនៅតែបន្តប្រកាន់ខ្ជាប់នូវស្តង់ដារអភិបាលកិច្ចល្អ និងការអនុលោមតាមច្បាប់ ដើម្បីការពារទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់អតិថិជនគ្រប់រូប។

ជាចុងក្រោយ លោកប្រធានក្រុមប្រឹក្សាភិបាល បានលើកទឹកចិត្តដល់អតិថិជន និងសាធារណជនទាំងអស់ សូមមេត្តាតាមដានរាល់ការជម្រាបជូន និងព័ត៌មាននានា ចេញពីប្រភពផ្លូវការរបស់ធនាគារ APD ផ្ទាល់ ដើម្បីទទួលបានព័ត៌មានដែលត្រឹមត្រូវ និងច្បាស់លាស់។

To Top