ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ ការលះបង់របស់កងទ័ព ជំរុញទឹកចិត្តអ្នកវិជ្ជាជីវៈ វេជ្ជសាស្ត្របន្តបម្រើសេវាជូនជាតិ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការលះបង់ និងការប្តេជ្ញាចិត្តរបស់នាយទាហាន ពលទាហាន វីរៈកងទ័ពបានជំរុញទឹកចិត្ត ដល់អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តបម្រើសេវាសុខាភិបាលជូនប្រទេសជាតិប្រកបដោយមោទនភាព និងការទទួលខុសត្រូវខ្ពស់បំផុត ។

ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន និងការសម្ពោធផ្ទះបាយរួម នៃទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៅខេត្តបន្ទាយមានជ័យ សាស្ត្រាចារ្យ ឈាង រ៉ា បានកោតសរសើរដោយស្មោះ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់កម្លាំងកាយចិត្ត និងធ្វើពលិកម្មគ្រប់បែបយ៉ាង ឈរជើងការពារខ្សែក្រវាត់ព្រំដែនយ៉ាងអង់អាចក្លាហាន ជាពិសេសក្នុងស្ថានភាពដ៏តានតឹងនាពេលកន្លងមក អំពីការឈ្លានពានពីកងទ័ពថៃ នៅតែបន្តការពារជាតិមាតុភូមិយ៉ាងសកម្ម ។ លោកថា កងទ័ព គឺជាកម្លាំងការពារដ៏រឹងមាំ សម្រាប់ថែរក្សាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ។ វីរភាពរបស់កងទ័ពក្នុងគ្រានេះ គឺជាគំរូដ៏ប្រពៃសម្រាប់ប្រជាជាតិទាំងមូល និងជាទីមោទនភាពក្រៃលែង សម្រាប់ទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់បានត្រៀម លក្ខណៈរួចជាស្រេចទាំងយប់ទាំងថ្ងៃ និងរួមដៃគ្នាយ៉ាងស្អិតរមួត ប្រកៀកស្មាគ្នាជាមួយកងកម្លាំងប្រដាប់អាវុធ ។ ការលះ បង់ពេលវេលា និងកម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យ គឺជាការបង្ហាញយ៉ាងច្បាស់នូវស្មារតី «សមរភូមិក្រោយជួយទំនុកបម្រុងសមរភូមិមុខ» យ៉ាងពិតប្រាកដ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបញ្ជាក់ថា ការសម្ពោធប្រើប្រាស់ផ្ទះបាយរួមថ្មីនេះឡើង ដើម្បីធានាបានការផ្គត់ផ្គង់របបអាហារដែលមានអនាម័យ និងសុវត្ថិភាព ដែលជាកត្តាចម្បង ក្នុងការរក្សាកាយសម្បទារបស់យុទ្ធជន ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺឆ្លងតាមរយៈចំណីអាហារ និងជួយសម្រួល ដល់ភស្តុភារកងទ័ព។ បន្ថែមពីនេះ កងទ័ពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនុវត្តរបបអាហារ «តិចអំបិល តិចខ្លាញ់ តិចស្ករ» ជៀសវាងគ្រឿងស្រវឹង និងថ្នាំជក់ ព្រមទាំងរក្សាអនាម័យរស់នៅស្អាត សម្រាន្តក្នុងមុងជាប់ជានិច្ច ដើម្បីបង្ការជំងឺឆ្លងចម្បង ៗដូចជា ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងការពុលចំណីអាហារផ្សេងៗ ។

ក្នុងឱកាសនេះដែរ ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល-រីសត បាននាំយកអំណោយ រួមមាន៖ ឱសថ សម្ភារៈបរិក្ខារពេទ្យ គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ឧបត្ថម្ភដល់ទីបញ្ជាការកងពលតូចលេខ៥១ វីរកងទ័ព និងគ្រួសារកងទ័ព ដែលសរុបជាទឹកប្រាក់ប្រមាណជាង ២១៣ លានរៀល។ លើសពីនេះ ផ្តល់ថវិកាបន្ថែមចំនួន ៣៣ ៥០០ ដុល្លារសម្រាប់រៀបចំធ្វើលេណដ្ឋានជម្រក និងលេណដ្ឋានដាក់គ្រាប់ ដើម្បីពង្រឹងកិច្ចការពារសុវត្ថិភាព និងបង្កើនសមត្ថភាពប្រយុទ្ធនៅតាមបណ្តោយព្រំដែន ៕

To Top