តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន គេតែងនិយាយថាបើចង់ធ្វើនយោបាយត្រូវចេះបត់បែន មើលកាលៈទេសៈ ក្នុងន័យបំរើផលប្រយោជន៏ជូនប្រជាជន នឹងប្រទេសជាតិរបស់ខ្លួន។ បើទោះបីជាអ្នកនយោបាយបានដឹង បានលឺ បានទន្ទេញចាំមាត់ ហេីយថែមទាំងយល់ច្បាស់អំពីទ្រឹស្តីទាំងនេះក៏ដោយចុះ តែអ្នកនយោបាយទាំងនោះតែងតែភ្លេចខ្លួននៅពេលដែលទទួលបានការគាំទ្រពីប្រជាជន ។
យើងអាចមើលឃើញយ៉ាងច្បាស់នៅពេលដែលអ្នកនយោបាយចាប់ផ្តើមដំបូង គេតែងតែចាប់ផ្តើមអួតសរសើរពីចំណេះដឹង ចំណេះធ្វើ វិធីសាស្ត្រក្នុងការគ្រប់គ្រង នឹងដឹកនាំរហូតដល់ប្រជាជនមានការជឿទុកចិត្តចំពោះខ្លួន។ ប៉ុន្តែអ្វីទាំងអស់នេះវាគ្រាន់តែជាការនិយាយដ៏ប៉ិនប្រសព្វដើម្បីអន្ទងព្រលឹងអោយប្រជាពលរដ្ឋលង់ជឿ តែធាតុពិតបានត្រឹមតែស្រមៃតែប៉ុណ្ណោះ។
នោះក៏ព្រោះតែ នៅពេលអ្នកនយោបាយទទួលបានការគាំទ្រហើយ ក៏កើតជំងឺតួឯក អញនិយម ហើយពាក្យសម្តីក៏ប្រែប្លែកពីមុនដែរ មានតែពាក្យញុះញង់ បំបែកបំបាក់ ផ្តួលរំលំ បាតុកម្ម កាត់ផ្តាច់ជំនួយ….. ជាដើម។ ពាក្យសម្តីទាំងនេះប្រជាជនស្តាប់ដំបូងនាំគ្នាលង់ជឿភ្លក់ទឹកភ្លក់ដី លះបង់អ្វីគ្រប់យ៉ាងធ្វើតាមការញុះញង់ ប៉ុន្តែនៅពេលដែលធ្វើយូរទៅប្រជាជនក៏ចាប់ផ្តើមមើលឃើញថា ពេលវេលា លុយកាក់ ការខាតបង់ ការរងគ្រោះជារបស់ប្រជាជន តែអ្នកនយោបាយវិញមិនឃើញខាតបង់អ្វី ពេលមានបញ្ហាក៏រត់ចោលបាត់ ទុកអោយអ្នកគាំទ្រនៅតែតោល ប្រៀបបានទូកអណ្តែតនៅកណ្តាលសាគរ។
ក្រោយខ្លួនបរាជ័យម្តងហើយម្តងទៀត ប្រជាជនកាន់តែមើលឃើញច្បាស់អំពីទង្វើររបស់ខ្លួន អ្នកនយោបាយមិនបានធ្វើការកែតម្រូវ សកម្មភាព ទង្វើររបស់ខ្លួននោះទេ តែកាន់តែធ្លាក់ខ្លួនលង់ជ្រៅទៅរហូតដល់កែលែងបាន ឬហៅថាជាអ្នកនយោបាយជាប់មាត់ (ផ្តាច់ជំនួយ បោះបោរ ញុះញង់ បំបែកបំបាក់……) ដែលសុទ្ធតែជាពាក្យសម្តីធ្វើអោខាតបង់ដល់ផលប្រយោជន៏ជាតិ នឹងប្រជាជន។
ប្រហែលជាខ្លួននៅប្រកាន់ភ្ជាប់ថា៖
១-ជាអ្នកប្រឆាំង ត្រូវប្រឆាំងដល់ទីបញ្ចប់ ទើបទទួលបានគាំទ្រ
២-បើមិននិយាយអញ្ចឹងរដ្ឋាភិបាលរីកចម្រើន តើកេរ្តិឈ្មោះរបស់ខ្លួន អាចរក្សាបានទៀតឬទេ?
ជាអ្នកនយោបាយត្រូវតម្កល់ផលប្រយោជន៏ជាតិ ផលប្រយោជន៏ប្រជាជនជាធំ មិនមែនដើម្បីផលប្រយោជន៏ខ្លួននោះទេ៕
ធ្វើល្អកុំខ្លាចគេមិនដឹង