សម្តេចធិបតី អញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ រោងចក្រទឹកស្អាត ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់ គម្រោងពង្រីកហេដ្ឋារចនា សម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥
ស្វាយរៀង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោង ពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ ។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ដែលមានទីតាំង នៅក្រុងស្វាយរៀង ត្រូវបានសាងសង់ក្រោមជំនួយ ហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជាមួយទុនវិនិយោគសរុបប្រមាណ ៣០,៦ លានដុល្លារអាមេរិក។រោងចក្រថ្មីនេះមានសមត្ថភាពផលិតទឹកស្អាត ៦.៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលបង្កើនសមត្ថភាពផលិត របស់រដ្ឋាករទឹកស្វាយរៀងដល់ ២២.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ១១០ គីឡូម៉ែត្រ និងបង្កើនសេវាទឹកស្អាតជូន ៧.៣៧៨ គ្រួសារបន្ថែមទៀត រួមទាំងពលរដ្ឋងាយរងគ្រោះ ចំនួន ៣៧៥ គ្រួសារផងដែរ។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនេះ នឹងអនុញ្ញាតិឱ្យរដ្ឋាករទឹកស្វាយរៀង មានលទ្ធភាពផ្តល់សេវាទឹកស្អាតពេញលេញ សម្រាប់ពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងមូល និងពង្រីកអត្រាគ្រប ដណ្តប់ក្នុងតំបន់សេវារបស់ខ្លួន (ក្រុងស្វាយរៀង និងឃុំចំនួន៥នៃស្រុកស្វាយជ្រំ) ពី៣២% ទៅ ៥៨%។
ទន្ទឹមនឹងការសម្ពោធដាក់ឱ្យដំណើរការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី រាជរដ្ឋាភិបាល ក៏បានប្រកាសបើកការដ្ឋានសាងសង់ គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទាន ដោយថវិកាជាតិ។ ក្រោមទុនវិនិយោគសរុប ៦០លានដុល្លារអាមេរិក គម្រោងនេះនឹងបង្កើនសមត្ថភាព ផលិតទឹកស្អាតសម្រាប់ខេត្តទាំង៥ សរុបប្រមាណ ១៣.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ៧៣៩ គីឡូម៉ែត្រ ផ្តល់តំណទឹកស្អាតថ្មីចំនួន ២៨.៦៦០ គ្រួសារ ដោយគ្រោងអនុវត្តរយៈពេល២០ខែ ចាប់ពីខែមីនា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៧៕
