សមាគមសុខុមាលភាព ជនពិការកូរ៉េ មានបំណងបង្កើតកិច្ចសហការ ជាមួយកម្ពុជា គាំពារជនពិការ
ភ្នំពេញ ៖ លោកស្រី LEE Ju-yeon នាយកគ្រប់គ្រងគម្រោងអាជីវកម្ម នៃសមាគមសុខុមាលភាព ជនពិការកូរ៉េ មានបំណងបង្កើត កិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នរដ្ឋ និងអង្គការនៃបណ្តាប្រទេសអាស៊ាន ជាពិសេសកម្ពុជា ដើម្បីបង្កើនការឧបត្ថម្ភគាំពារ ដល់សកម្មភាពរបស់ជនពិការ ។

ក្នុងជំនួបសម្តែងការគួរសមជាមួយ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៦ លោកស្រី LEE Ju-yeon នាយកគ្រប់គ្រងគម្រោងអាជីវកម្មនៃសមាគមសុខមាលភាពជនពិការកូរ៉េ បានលើកឡើងថា សមាគម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨១ ដែលជាសមាគមគាំពារជនពិការដំបូងគេ របស់កូរ៉េ ។

លោកស្រី LEE Ju-yeon បានលើកឡើងថា គោលបំណង ដែលលោកស្រីអញ្ជើញមកស្ថានទូតនេះ ដើម្បីបង្ហាញអំពីបំណងបង្កើត កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ និងអង្គការនៃបណ្តាប្រទេសអាស៊ាន ជាពិសេសកម្ពុជា ដើម្បីបង្កើនការឧបត្ថម្ភគាំពារដល់សកម្មភាពរបស់ជនពិការ ដូចជាការឧបត្ថម្ភនូវសម្លៀកបំពាក់ កៅអីរុញជនពិការ ជើងសប្បនិម្មិត និង វគ្គបណ្តុះបណ្តាលសម្រាប់ជនពិការ ដើម្បីឱ្យពួកគាត់មានលទ្ធភាព ក្នុងការបង្កើតមុខរបរចិញ្ចឹមជីវិត ។
បន្ថែមពីនេះ លោកស្រីក៏បានលើកឡើង នូវបច្ចេកវិទ្យាថ្មីៗរបស់កូរ៉េ ដែលបញ្ចូលបច្ចេកទេសបញ្ញាសប្បនិម្មិត AI ដើម្បីសម្រួលដល់ការប្រាស្រ័យ ទាក់ទងរបស់ប្រជាជន ដែលមានពិការភាពផ្នែកភ្នែក និងត្រចៀកផងដែរ។

ជាកិច្ចឆ្លើយតប ឯកអគ្គរាជទូតស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមនេះ ព្រោះកម្ពុជាបានឆ្លងកាត់សង្គ្រាមជាង៣ទសវត្ស បន្សល់ទុកប្រជាជនដែលមានពិការ ភាពប្រមាណជា៧០ម៉ឺននាក់ ដែលរាជរដ្ឋាភិបាលក៏ដូចជាអង្គការនានា បានធ្វើសកម្មភាពជាច្រើន ដើម្បីជួយគាំទ្រដល់ការរស់នៅរបស់ពួកគាត់។ លោកថា គម្រោងរបស់សមាគម នឹងអាចជួយសម្រួលពួកគាត់ក្នុងជីវភាពរស់នៅ នឹងអាចជួយបង្កើនចំណូលសម្រាប់គ្រួសារ ព្រមទាំងអាចឱ្យពួកគាត់មាន លទ្ធភាពចូលរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

ឯកអគ្គរាជទូតបានប្រាប់លោកស្រីថា ស្ថានទូតត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយលោកស្រីក្នុងរៀបចំជំនួបជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងស្វែងរកអង្គការដៃគូដើម្បីសហការជាមួយសមាគម៕
