ព័ត៌មានជាតិ

អតីតពលករខ្មែរ ត្រឡប់ពីថៃ ៖ កម្ពុជា មិនខ្វះការងារ​ ធ្វើ​ដូចការលើកឡើង ​របស់អង្គការក្រៅ​រដ្ឋាភិបាល ​មួយ​ចំនួន​​នោះ​ទេ

ភ្នំពេញ៖ អតីតពលករខ្មែរ​ ដែលកំពុង​បម្រើការ​ងាររោង​ចក្រ នៅខេត្តកំពង់ស្ពឺ បានលើកឡើងថា នៅក្នុង​ប្រទេស​កម្ពុជា​មាន​ឱកាស​ការ​ងារ​ដ៏សម្បូរ​បែប ដែលអាច​ជំនួស​ការ​ងារ​នៅប្រទេសថៃ ព្រមទាំងទទួល​បានអត្ថ​ប្រយោជន៍​ជា​ច្រើន បើទោះបីជាអង្គការ​ក្រៅរដ្ឋាភិបាល​ខ្លះផ្សាយ​របាយ​ការណ៍ មាន​ចេតនាបន្ទុចបង្អាក់​ វឌ្ឍនភាពការ​ងារ​នៅ​កម្ពុជាក៏ដោយ។

អ្នកស្រី ចក់ គន្ធា អតីតពលករខ្មែរ ដែល​កំពុងបម្រើការ​ងារ​នៅរោង​ចក្រ ធី អេស ស្ព័ត (ខេមបូឌា) ឯ.ក ស្ថិតនៅ​ខេត្ត​កំពង់​ស្ពឺបាន​និយាយ​ថា នៅពេលដែលអ្នក​ស្រី បាន​ចាក​ចេញ​ពីប្រទេ​សថៃ ហើយធ្វើដំណើរ​ មកដល់​ព្រំដែន​កម្ពុជា-ថៃ អ្នកស្រីទទួលបាន​ឱកាសការងារ​ពីមន្រ្តី​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ​ដែលនៅ​រង់ចាំ​ទទួល​ពលករខ្មែរ​នៅ​តាមច្រក​ព្រំដែន។

អ្នកស្រីធ្លាប់បានគិតថា នៅពេល​មកដល់​កម្ពុជា​វិញ នឹង​មិន​អាចរកការ​ងារធ្វើ​បាន​ទេ ហើយជីវភាព​របស់​អ្នកស្រី​នឹង​ជួប​ការលំបាក ប៉ុន្ដែ​ការគិត​ទាំងអស់​នេះផ្ទុយ​ស្រ​ឡះ និង​ខុស​ពីការ​ពិត ដោយ​សារអ្នក​ស្រី និងស្វាមីទទួល​បាន​ការ​ងារភ្លាមៗនៅតាមច្រកព្រំដែនតែម្ដង។

អ្នកស្រី គន្ធា បាន​បញ្ជាក់​ថា៖«ពេល​នៅធ្វើ​ការ​ស្រុក​ថៃ ខ្ញុំ​លឺតែ​គេនិ​យាយ​ថា ស្រុកខ្មែរ​យើង​មិន​មាន​ការ​ងារ​ធ្វើ​ទេ ប៉ុន្ដែនៅ​ពេលមកដល់ព្រំដែន ខ្ញុំទទួលបានការងារ​ធ្វើ​ភ្លាមៗ ហើយខ្ញុំក៏មិននឹកស្មានថា រកការងារធ្វើ​បាន​ងា​យៗ ​បែប​នេះដែរ ។ ឥឡូវ​នេះ ខ្ញុំបានហៅបងប្អូន​ខ្ញុំមក​ធ្វើការ​ងារនៅស្រុកខ្មែរយើងវិញអស់ហើយ គឺពួក​គាត់​កំពុង​ធ្វើ​ការងារជាមួយខ្ញុំដែរ។ ជីវភាពខ្ញុំសព្វថ្ងៃនេះ គឺ​បាន​គ្រាន់បើជាងមុន ព្រោះខ្ញុំមានចំណូលប្រចាំខែ»។

អ្នកស្រី រី សាម៉ុន អតីតពលករដែលកំពុង​បម្រើការងារ​នៅ​ខេត្ត​កំពង់ស្ពឺបាន​និយាយ​ថា៖«នៅ​ពេលដែល​ខ្ញុំបាន​ចូល​ដល់​ទឹកដីខ្មែរយើង គឺខ្ញុំទទួលបានបាយ ទឹក និងមាន​ឡាន​ជូន​មកដល់​ផ្ទះ​ទៀត ដែលធ្វើឱ្យ​ខ្ញុំភាព​កក់​ក្ដៅ​ក្នុង​ចិត្ត។ ក្រោយ​មកខ្ញុំ​បាន​ទាក់​ទង​មក​លេខ ១២៩៧ ដែល​គេ​ចែក ឱ្យខ្ញុំនៅតាមព្រំដែន ហើយក្រោយ​មកខ្ញុំក៏ទទួ​ល​បាន​ការងារនៅខេត្តកំពង់ស្ពឺ នេះតែម្ដង»។

លោក សឿង កវី អតីតពលករ ដែលមានស្រុក​កំណើ​តនៅ​ខេត្តបន្ទាយមា​នជ័យ​បាន​និយាយ​ថា លោក​ទទួល​បាន​ឱកាសការងារនៅក្នុងរោងចក្រមួយនៅខេត្តកំពង់ស្ពឺ ដែល​ធ្វើ​ឱ្យជីវភាព​របស់​លោកធូរ​ធាឡើង​វិញ បន្ទាប់​ពីត្រ​ឡប់​មកពី​ប្រទេ​សថៃ និងសម្រាកនៅផ្ទះ​រយៈពេល​មួយខែ។

លោកបន្តថា៖«ខ្ញុំទទួលបាន​ចំណូល​ប្រចាំខែវិញ​ហើយ ជីវភាព​មិនសូវលំបាក​ដូចមុនដែរ ដោយសារខ្ញុំ​មានការ​ងារ​ធ្វើ​តាមរយៈក្រុមការងារក្រសួង ដែលបានចុះទៅ​ផ្សព្វ​ផ្សាយ​វេទិ​កានៅភូ​មិស្រុក​របស់ខ្ញុំ​ឯខេត្ត​បន្ទាយ​មានជ័យ។ ខ្ញុំសូមថ្លែងអំណរ​គុណដល់​រាជរដ្ឋា​ភិ​បាល និងក្រសួង​ការ​ងារ និងបណ្ដុះបណ្ដា​ល​វិជ្ជាជីវៈ ដែលបានជួយផ្ដល់​ការ​ងារ​ឱ្យខ្ញុំ​បាន​ធ្វើ​សព្វ​ថ្ងៃ​នេះ»។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងប​ណ្ដុះ​បណ្ដា​លវិជ្ជាជីវៈ បានលើក​ឡើងថា បងប្អូនអតីត​ពលករ​ខ្មែរ​ដែលបានវិលត្រឡប់មកពី​ប្រទេសថៃ​ប្រមា​ណ​ជាង ៦៥​ម៉ឺន​នាក់ក្នុង​ចំណោម​ជាង ៨០ម៉ឺន​នាក់ទទួល​បានឱ​កាស​ការ​ងារ ខណៈ​ជាង ៣៣ម៉ឺននា​ក់ កំពុងធ្វើ​ការងារ​ក្នុង​ប្រព័ន្ធ និងអ្នកទទួលបា​នឱកាសការ​ងារ នៅក្រៅ​ប្រព័ន្ធ​ប្រមាណជាង ៣២ម៉ឺននាក់ ។

ក្រោយពីការវិល​ត្រ​ឡ​ប់យ៉ាង​គំហុករបស់ពលករខ្មែរពីប្រ​ទេសថៃ ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជី​វៈបាន​ដាក់​ចេញនូ​វយន្ត​ការសំខាន់ៗ​ជា​ច្រើន ដើម្បីធានាក្នុង​ការ​ផ្ដល់​ឱកាសការងារជូនអតីតពលករខ្មែរ ។ ក្នុងចំណោ​ម​យន្តកា​រសំខាន់​នោះ ក្រសួងបាន​រៀបចំវេទិកា​ការងារ​សរុប​ជាង ៦០០លើក និងពិព័ណ៍ការ​ងារចល័ត​ តាម​មូល​ដ្ឋាន​ប្រមាណ​ជាង ១ ០០០​លើក ដើម្បីផ្សព្វ​ផ្សាយ​ពីឱកាស​ការ​ងារ អត្ថប្រ​យោ​ជន៍នៃ​របប​សន្ដិ​សុខ​សង្គម និងការ​អប់​រំ​បណ្ដុះ​បណ្ដាល​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ។ នេះបើ​តាម​ការ​បញ្ជាក់ពីលោក ស៊ុន មេសា៕

To Top