ព័ត៌មានជាតិ

កម្ពុជា ត្រូវការប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយរឹងមាំ និងមានការតភ្ជាប់គ្នា យ៉ាងជិតស្និទ្ធរវាងតួអង្គសំខាន់ៗ

ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជា ត្រូវការប្រព័ន្ធអេកូឡូ ស៊ីនវានុវត្តន៍មួយរឹងមាំ និងមានការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងតួអង្គសំខាន់ៗ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្គម ឬតម្រូវការទីផ្សារជាក់លាក់មួយ។

ការលើកឡើងរបស់ លោក ហែម វណ្ណឌី នៅក្នុងវេទិកាពិភាក្សាកម្រិតខ្ពស់ ស្តីពី ការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងឱកាស នៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដោយផ្តោតលើការលើកកម្ពស់សហថាមពលរវាងគោលនយោបាយ ការវិនិយោគ និងតម្រូវការទីផ្សារ ឆ្ពោះទៅការអភិវឌ្ឍសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍។

កិច្ចពិភាក្សាបានផ្តោតលើភាពចាំបាច់ នៃការផ្លាស់ប្តូរពីការចាប់យកបច្ចេកវិទ្យា ទៅកំណើនដែលដឹកនាំដោយនវានុវត្តន៍។ វាគ្មិនបានរំលេចចំណុចគន្លឹះនៃការពង្រឹងអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ការបង្កើនទុនវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) និងការផ្សារភ្ជាប់សមិទ្ធផលនវានុវត្តន៍ទៅនឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីផលប្រយោជន៍ ជាក់ស្តែងនៃនវានុវត្តន៍សម្រាប់ធុរកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក បានលើកឡើងថា «កម្ពុជា ត្រូវការប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយរឹងមាំ និងមានការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងតួអង្គសំខាន់ៗ ដូចជា ស្ថាប័នរដ្ឋ គ្រឹះស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជន ធុរកិច្ចថ្មី វិនិយោគិន និងនវានុវត្តន៍ករនៅកម្រិតមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្គម ឬតម្រូវការទីផ្សារជាក់លាក់មួយ»។

កិច្ចពិភាក្សាបានរំលេចវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ធុរកិច្ចថ្មី (Startup) ដែលនឹងដាក់ចេញនូវវិធានការមុតស្រួច រួមទាំងការផ្តល់ការលើកទឹកចិត្តដល់ធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ការបង្កើតយន្តការហិរញ្ញប្បទានចម្រុះសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងការផ្តល់រយៈពេលអនុគ្រោះដើម្បីអនុញ្ញាតឱ្យសហគ្រិន និងនវានុវត្តន៍ករមានលទ្ធភាពសាកល្បងគំនិតអាជីវកម្ម ក្នុងបរិយាកាសអនុលោមភាពកម្រិតទាប។

វេទិកាពិភាក្សាបានផ្តោតលើការដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធ និងការបង្កើតបរិយាកាសធុរកិច្ចរឹងមាំសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម ដោយកំណត់នវានុវត្តន៍ជាស្នូលនៃបរិវត្តកម្មសេដ្ឋកិច្ច សម្រាប់ជាមាគ៌ាឆ្ពោះទៅការសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

To Top