ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ ចេញឱសានវាទ ដល់​សណ្ឋាគារ​បារ៉ែន និង​អារ៉ាប់រួម ដែល​ទទួល​កងទ័ព​អាមេរិក

តេអេរ៉ង់៖​ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការអ៊ីរ៉ង់​ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់​ បានចេញឱសានវាទ ដល់ម្ចាស់សណ្ឋាគារនៅប្រទេសបារ៉ែន និងអារ៉ាប់រួម ដោយព្រមានថា ការស្នាក់នៅ របស់បុគ្គលិកយោធាអាមេរិក​ អាចធ្វើឱ្យទ្រព្យសម្បត្តិរបស់ពួកគេ ក្លាយជាគោលដៅយោធាស្របច្បាប់។

កងកម្លាំងអាមេរិក​ បានជ្រកកោននៅក្នុង សណ្ឋាគារក្នុងតំបន់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ និងប្រតិបត្តិការរួមគ្នាជាមួយក្រុមសកម្ម ប្រយុទ្ធសម្ព័ន្ធមិត្ត ដែលបានកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធយោធាអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា។

ការព្រមាននេះគ្របដណ្តប់លើកន្លែង ណាមួយដែលស្នាក់នៅរបស់បុគ្គលិកយោធាបរទេស ហើយនឹងចូលជាធរមានភ្លាមៗ ប្រសិនបើសកម្មភាពបែបនេះនៅតែបន្ត។

របាយការណ៍នេះក៏បានអះអាង ផងដែរថា បុគ្គលិកអាមេរិក​ បានបង្កើតវត្តមាននៅទីតាំងស៊ីវិលនៅទូទាំងតំបន់ រួមទាំងមូលដ្ឋានភស្តុភារនៅជិត អាកាសយានដ្ឋានចាស់របស់ទីក្រុងបេរូត និងប្រតិបត្តិការប្រឹក្សាយោបល់នៅវិមានសាធារណរដ្ឋទីក្រុងដាម៉ាស សណ្ឋាគារ Four Seasons និងសណ្ឋាគារ Sheraton។

កងម៉ារីនអាមេរិកត្រូវបានគេរាយការណ៍ថាត្រូវបានផ្លាស់ប្តូរនៅសប្តាហ៍នេះទៅកាន់អាកាសយានដ្ឋានអន្តរជាតិជីប៊ូទី តាមរយៈទីក្រុងអ៊ីស្តង់ប៊ុល និងសូហ្វីយ៉ា។

មុននេះបន្តិច រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានព្រមានសណ្ឋាគារនៅក្នុងប្រទេសអារ៉ាប់ឈូងសមុទ្រ កុំឱ្យទទួលយកបុគ្គលិក យោធាអាមេរិក ដោយចោទប្រកាន់ទាហានថា​ បានរត់គេចខ្លួនពីមូលដ្ឋានរបស់ពួកគេ និងប្រើប្រាស់ទីតាំងស៊ីវិលជាកន្លែងលាក់ខ្លួន។

លោក Araghchi បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “តាំងពីដើមដំបូងនៃសង្គ្រាមនេះមក ទាហានអាមេរិកបានរត់គេចខ្លួនចេញពីមូលដ្ឋានយោធានៅក្នុងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដើម្បីលាក់ខ្លួននៅក្នុងសណ្ឋាគារ និងការិយាល័យ។ ពួកគេប្រើប្រាស់ពលរដ្ឋ GCC ជាខែល”។

លោកបានប្រៀបធៀបស្ថានភាព ទៅនឹងសណ្ឋាគារនៅសហរដ្ឋអាមេរិក ដែលលោកអះអាងថា បដិសេធការកក់បន្ទប់ដល់មន្ត្រីដែលអាចធ្វើឱ្យអតិថិជន​គ្រោះថ្នាក់ ហើយបានជំរុញឱ្យសណ្ឋាគារ នៅឈូងសមុទ្រទទួលយកការអនុវត្តដូចគ្នា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top