ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ប្រកាន់ភ្ជាប់ នូវគោលជំហរ របស់កម្ពុជា ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរ ដោយការប្រើកម្លាំងឡើយ

ភ្នំពេញ ៖ ថ្លែងចំពោះមុខបណ្ដាអង្គទូត និងអង្គការអន្ដរជាតិ, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ភ្ជាប់ នូវគោលជំហរជាគោលការណ៍របស់កម្ពុជា ថា «ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរ ដោយការប្រើកម្លាំងនោះឡើយ»។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិ ប្រចាំកម្ពុជា ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

គណៈប្រតិភូបានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយពលរដ្ឋភៀសសឹកកម្ពុជាចំនួន ៧៦គ្រួសារ កំពុងរស់នៅក្នុងជំរំស្នាក់នៅបណ្តោះអាសន្ន ក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ក្នុងស្រុកវាលវែង ចាប់តាំងពីមានការប្រយុទ្ធគ្នា នៅក្នុងខែធ្នូ ឆ្នាំ២០២៥ និងដែលមិនទាន់វិលត្រឡប់ ទៅកាន់លំនៅដ្ឋានរបស់ ខ្លួន ស្ថិតក្នុងតំបន់ ដែលកាន់កាប់ដោយខុសច្បាប់ ពីសំណាក់កងកម្លាំងថៃ។

បន្ទាប់មក គណៈប្រតិភូបានចុះពិនិត្យស្ថានភាព នៅតំបន់ច្រកទ្វារព្រំដែនជ័យជំនះ (ច្រកទ្វារព្រំដែនថ្មដា) ក្នុងឃុំថ្មដា ដែលកងទ័ពថៃ បានរាយបន្លាលួស និងដាក់ទូកុងតឺន័រ ដោយរាប់បញ្ចូលទាំងទូកុងតឺន័រចំនួន ៣បន្ថែមទៀត ដែលបានដាក់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីបិទផ្លូវជាតិលេខ៥៥ និងបិទផ្លូវចូលផ្ទះ សម្បែង និងដីធ្លីរបស់ពលរដ្ឋភៀសសឹក។

ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ភ្ជាប់ការប្តេជ្ញាចិត្ត មុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនានា ដោយប្រកាន់ភ្ជាប់នូវគោលជំហរ ជាគោលការណ៍របស់កម្ពុជា ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរ ដោយការប្រើកម្លាំងនោះឡើយ»៕

To Top