មនុស្សប្រុសស្រីក្មេង ចាស់ចំនួន០៥នាក់ បានស្លាប់ និង០១នាក់រងរបួសធ្ងន់ ក្រោយ ឡានសេរីទំបើប ម៉ាកMERCEDES BENZ AMG GT53 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.S.6168 បុក
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីក្មេង ចាស់ចំនួន០៥នាក់បានស្លាប់ភ្លាមៗ និង០១នាក់ទៀតរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កើតឡើងរវាងរថយន្តនិងម៉ូតូនៅវេលាម៉ោង ២២និង៤០នាទី ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ246-247 ស្ថិតក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្តមួយគ្រឿង ម៉ាកMERCEDES BENZ AMG GT53 ប្រភេទគ្រួសារ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជាC.S.6168 អ្នកបើកបរមិន ស្គាល់អត្តសញ្ញាណ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុករះពី ក្រោយម៉ូតូចំនួន២គ្រឿង ដែល០១គ្រឿង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1H.2105 អ្នកបើកបរឈ្មោះ ប៉ុក ស៊ីណាប់ ភេទស្រីអាយុ៣២ឆ្នាំ (ស្លាប់) និងអ្នករួមដំណើរ ១/ឈ្មោះ ម៉េន ម៉ីនាង ភេទស្រី អាយុ១០ឆ្នាំ (ស្លាប់) ២/ឈ្មោះ ម៉េន សុខមាន ភេទប្រុស អាយុ៧ឆ្នាំ (របួសធ្ងន់) ។
និង០១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1S.1965 អ្នកបើកបរឈ្មោះ សួន ធានី ភេទប្រុស អាយុ៥០ឆ្នាំ(ស្លាប់) និងអ្នករួមដំណើរ ១/ឈ្មោះ វុន ស្រីជា ភេទស្រី អាយុ៤៣ឆ្នាំ(ស្លាប់) ២/ឈ្មោះចាន់ ចាវ ភេទប្រុស អាយុ៧ឆ្នាំ(ស្លាប់) អ្នកទាំងអស់គ្នារស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ចំណែកសាកសព ត្រូវបានប្រគល់អោយក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី ដោយឡែកមធ្យោបាយទាំងបី ត្រូវបានសមត្ថកិច្ចវាស់វែង ធ្វើកំណត់ហេតុដកហូតយកទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី។






