សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បង្ហាញទំនុកចិត្តលើប៉ាគីស្ថាន សម្រាប់ការចរចា
អ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Mohammad Ishaq Dar បានឧ្យដឹងថា ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្ហាញទំនុកចិត្តលើប៉ាគីស្ថាន ក្នុងការសម្របសម្រួលការចរចា ដែលអាចកើតមាន ដោយពណ៌នាថាវាជាការវិវឌ្ឍវិជ្ជមាន ក្នុងចំណោមភាពតានតឹង ក្នុងតំបន់ដែលកំពុងបន្ត ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំត្រីភាគីនៅទីក្រុងអ៊ីស្លាម៉ាបាដ លោក Ishaq Dar បានឧ្យដឹងថា ប៉ាគីស្ថានមានសេចក្តីរីករាយយ៉ាងខ្លាំង ជាមួយនឹងការជឿទុកចិត្ត ដែលបង្ហាញដោយភាគីទាំងពីរ ដោយបន្ថែមថា លោកបានជម្រាបជូនរដ្ឋមន្ត្រី និងប្រតិភូមកពីអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងតួកគី អំពីលទ្ធភាពនៃការសន្ទនា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅក្នុងរដ្ឋធានីប៉ាគីស្ថាន ។
លោកបានលេីកឡេីងថា ប៉ាគីស្ថានមានឆន្ទៈក្នុងការធ្វើជាម្ចាស់ផ្ទះ និងសម្របសម្រួលការចរចា ដ៏មានអត្ថន័យរវាងភាគីទាំងពីរ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ សម្រាប់ការដោះស្រាយជម្លោះ ដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។
លោកបានបន្ដថា រដ្ឋមន្ត្រីការបរទេសបានសម្រេចចិត្តបង្កើតគណៈកម្មាធិការមួយ ដែលមានមន្ត្រីជាន់ខ្ពស់ចំនួន ៤រូបមកពីក្រសួងការបរទេសរៀងៗខ្លួន ដើម្បីធ្វើការដោះស្រាយតាមរយៈការយល់ដឹង និងការឯកភាពគ្នាទៅវិញទៅមក៕
