ព័ត៌មានជាតិ

អាជ្ញាធរមីន ស្នើ UN-ESCAP គាំទ្របន្ថែម ចំពោះវិស័យសកម្មភាពមីន មនុស្សធម៌នៅកម្ពុជា

ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ អាជ្ញាធរមីន បានស្នើ UN-ESCAP ពិចារណាផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្របន្ថែម ចំពោះវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (UN-ESCAP) នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ UN-ESCAP បានជ្រើសរើសកម្ពុជាជាដៃគូសហការរៀបចំកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិ កម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដែលនេះបង្ហាញពីការផ្តល់ទំនុកចិត្តរបស់អង្គការសហប្រជាជាតិ មកលើរាជរដ្ឋាភិបាលកម្ពុជា។

លោក ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ UN-ESCAP ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនប្រកបដោយបរិយបន្ន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាការគាំទ្រ ដល់កម្ពុជា ដើម្បីឱ្យធានាបានការ ចាកចេញពីឋានៈប្រទេសមាន ការអភិវឌ្ឍតិចតួចដោយរលូន និងប្រកបដោយចីរភាព ។

ពាក់ព័ន្ធនឹងសកម្មភាពមីន លោក បានថ្លែងអំណរគុណ UN-ESCAP ដែលបានផ្តល់ការគាំទ្រ ក្នុងការរៀបចំសេចក្តីព្រាងគោល នយោបាយជាតស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ដែលនឹងត្រូវអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ។ លោក គូសបញ្ជាក់ថា គោលនយោបាយនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំរបស់កម្ពុជា ដើម្បីឱ្យកម្ពុជាសម្រេចបានការរំដោះផ្ទៃដីមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមទាំងស្រុង និងត្រៀមខ្លួនជាស្រេចក្នុងដំណាក់កាល គ្រប់គ្រងសំណល់យុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលនៅសេសសល់ ឱ្យបានជោគជ័យ ។

លោក លើកឡើងថា ការគាំទ្ររបស់ UN-ESCAP ក្នុងការរៀបចំគោលនយោបាយសកម្មភាពមីន បានគូសបញ្ជាប់ពីសារៈសំខាន់នៃវិស័យសកម្មភាពមីន ចំពោះការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងប្រកបដោយបរិយាបន្ន។

ក្នុងន័យនេះផងដែរ តាមរយៈលោកស្រី Armida Salsiah Alisjahbana, លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យ UN-ESCAP ពិចារណាផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្របន្ថែម ចំពោះវិស័យសកម្មភាពមីន មនុស្សធម៌នៅកម្ពុជា ជាពិសេសក្នុងកិច្ចសង្គ្រោះជនរងគ្រោះរួម ទាំងការធ្វើបរិយាបន្ន សេដ្ឋកិច្ចសង្គមសម្រាប់ជនរងគ្រោះ និងការចែករំលែកចំណេះដឹង និងជំនាញរបស់កម្ពុជា ទៅកាន់ប្រទេសនានាក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ។

ជាការឆ្លើយតប លោកស្រី Armida Salsiah Alisjahbana បានថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការរៀបចំ កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិ កម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច នៃតំបន់អាស៊ី ប៉ាស៊ីហ្វិក៕

To Top