ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ប្រាប់នគរបាលការពារព្រំដែន បន្ដប្រកៀកស្មាឲ្យរឹងមាំបំផុត ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី

បាត់ដំបង ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានដាក់បទបញ្ជា ទៅដល់កងកម្លាំងនគរបាល ការពារព្រំដែនទាំងអស់ ត្រូវតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំស្អិតរមួត តស៊ូ ក្រាញននៀល ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ តាមគ្រប់ទម្រង់ទាំងអស់ ។

ការដាក់បទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត បានធ្វើឡើងក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៥ នៅទីបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោក លេខ៣១០ ស្រុកសំឡូត ខេត្តបាត់ដំបង នាឱកាសបុណ្យចូលឆ្នាំថ្មី។ កម្លាំងដែលចូលរួមក្នុងពិធីនេះមកពីវរសេនាតូច នគរបាលការពារព្រំដែនគោក ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

នាយឧត្តមសេនីយ៍ ស ថេត បានសម្ដែង នូវការគោរពកោតសរសើរដោយស្មោះ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ព និងវីរកងកម្លាំង នគរបាលការពារព្រំដែនដ៏អង់អាចក្លាហាន ដែលបានតស៊ូក្រាញននៀល យ៉ាងស្វិតស្វាញ ដោយធ្វើពលិកម្មគ្រប់បែបយ៉ាង និងហ៊ានបូជាអាយុជីវិត ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ បរទេសឈ្លានពាន ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីឲ្យបានគង់វង្ស ជូនជាតិនិងប្រជាជន។

នាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ ក៏បានណែនាំដល់កម្លាំងនគរបាលទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញ និងតាមដានការវិវឌ្ឍ សភាពការណ៍តាមបន្ទាត់ព្រំដែន ដោយមិនត្រូវធ្វើការធ្វេសប្រហែសឡើយ, ពង្រឹងជំនាញយុទ្ធសាស្ដ្រ ជាក់ស្ដែងនៅលើទីលាន, ពង្រឹងវិន័យក្នុងជួរកម្លាំង នគរបាលជាតិ និងរក្សាសាមគ្គីភាពផ្ទៃក្នុង សំដៅបន្ដធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ និងគ្រឿងញៀន ៕

To Top