ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណមន្ដ្រី នគរបាលចូលនិវត្តន៍ បានស្ម័គ្រចិត្តមកចូល បម្រើអង្គភាពវិញ ប្រឆាំងនឹងការឈ្លានពានរបស់ថៃ

ពោធិ៍សាត់ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ បានបង្ហាញនូវការស្ញប់ស្ញែង ចំពោះវីរភាព នៃការលះបង់ និងថ្លែងអំណរគុណចំពោះមន្ដ្រីនគរបាលចូលនិវត្តន៍ហើយ ប៉ុន្តែបានស្ម័គ្រចិត្តចូលបម្រើ អង្គភាពវិញ នៅពេលដែលប្រទេសជាតិទទួលរង នូវការឈ្លានពានទន្ទ្រានដែន អធិបតេយ្យពីប្រទេសជិតខាង។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសបន្ដដឹកនាំប្រតិភូ អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាល ការពារព្រំដែនប្រចាំទិសភូមិភាគទី៣ នៅបរិវេណអធិការដ្ឋាននគរបាលស្រុកវាលវែង ខេត្តពោធិសាត់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

នាយឧត្តមសេនីយ៍ ស ថេត បានសម្ដែងនូវ ការគោរពកោតសរសើរដោយស្មោះ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរកងទ័ព និងវីរកងកម្លាំងនគរបាលការពារព្រំដែនដ៏អង់អាចក្លាហាន ដែលបានតស៊ូក្រាញននៀលយ៉ាងស្វិតស្វាញ ដោយធ្វើពលិកម្មគ្រប់បែបយ៉ាង និងហ៊ានបូជាអាយុជីវិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងខ្មាំង សត្រូវបរទេសឈ្លានពាន ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីឲ្យបានគង់វង្ស ជូនជាតិ និងប្រជាជន។

នាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ ក៏បានប្រកាសប្រៀប ដូចជាការដាក់បទបញ្ជាទៅដល់ កងកម្លាំងនគរបាល ការពារព្រំដែនទាំងអស់ ត្រូវតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំស្អិតរមួត តស៊ូ ក្រាញននៀល ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ តាមគ្រប់ទម្រង់ទាំងអស់។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់កម្លាំង នគរបាលទាំងអស់ ត្រូវពង្រឹងសមត្ថភាពជំនាញ ជាពិសេសតាមដានការវិវឌ្ឍសភាពការណ៍តាមបន្ទាត់ព្រំដែន ដោយមិនត្រូវធ្វើការធ្វេសប្រហែសឡើយ, ពង្រឹងជំនាញ យុទ្ធសាស្ដ្រជាក់ស្ដែងនៅលើទីលាន, ពង្រឹងវិន័យក្នុងជួរកម្លាំងនគរបាលជាតិ និងរក្សាសាមគ្គីភាពផ្ទៃក្នុង សំដៅបន្ដធានាបាន នូវសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើស ឆ្លងដែនខុសច្បាប់ និងគ្រឿងញៀន៕

To Top