ព័ត៌មានអន្តរជាតិ

លោក ត្រាំ គំរាម​បំផ្លាញ​ជា​ថ្មី​នៅ​អ៊ីរ៉ង់ ប្រសិនបើ​កិច្ចព្រមព្រៀង ​បញ្ចប់សង្រ្គាមមិន​សម្រេចបាន «ក្នុង​ពេល​ឆាប់ៗ​នេះទេ»

បេទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានគំរាមបំផ្លាញធនធានថាមពលរបស់អ៊ីរ៉ង់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដែលអាចរួមមានរោងចក្រចម្រាញ់ ទឹកប្រៃដែលផ្គត់ផ្គង់ទឹកស្អាត ប្រសិនបើកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាមមិនត្រូវបានឈានដល់ “ក្នុងពេលឆាប់ៗនេះ”ទេ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា ទន្ទឹមនឹងនេះ អ៊ីរ៉ង់បានវាយប្រហាររោងចក្រទឹក និងអគ្គិសនីដ៏សំខាន់មួយនៅក្នុងប្រទេសគុយវ៉ែត ហើយរោងចក្រចម្រាញ់ប្រេងមួយនៅក្នុង ប្រទេសអ៊ីស្រាអែលក៏ត្រូវបានវាយប្រហារផងដែរ។ យន្តហោះគ្មានមនុស្សបើកមួយគ្រឿង បានវាយប្រហារនាវាដឹកប្រេងរបស់ប្រទេសគុយវ៉ែតមួយគ្រឿងនៅក្នុងដែនទឹកទីក្រុងឌូបៃ ដែលបណ្តាលឱ្យមានអគ្គីភ័យដែលអាជ្ញាធរកំពុងធ្វើការដើម្បីគ្រប់គ្រងនៅព្រឹកថ្ងៃអង្គារនេះ, នេះបើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយទីក្រុងឌូបៃ។

អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយប្រហារថ្មីមួយលើអ៊ីរ៉ង់ ខណៈដែលសង្គ្រាមនេះបានឆាបឆេះដោយគ្មានទីបញ្ចប់។

ការគំរាមកំហែងថ្មីរបស់លោក ត្រាំ បានធ្វើឡើងនៅក្នុងការបង្ហោះ នៅលើបណ្តាញសង្គម។ មតិយោបល់មុនៗ ទៅកាន់កាសែត Financial Times បានបង្ហាញថា កងទ័ពអាមេរិកអាចដណ្តើមយកមជ្ឈមណ្ឌល នាំចេញប្រេងនៅកោះ ខាក របស់អ៊ីរ៉ង់។ លោក ត្រាំ បានអះអាងម្តងហើយម្តងទៀតថា កំពុងសម្រេចបានវឌ្ឍនភាពការទូត – ទោះបីជាទីក្រុងតេហេរ៉ង់បដិសេធការចរចាដោយផ្ទាល់ក៏ដោយ – ខណៈពេលដែលលោកកំពុងបង្កើនការគំរាមកំហែង និងបញ្ជូនកងទ័ពអាមេរិករាប់ពាន់នាក់បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា។

To Top