លោក Putin យល់ព្រមធ្វើកិច្ចសហប្រតិបត្តិការ ថាមពលជាមួយនឹងសមាជិក របស់អឺរ៉ុបមួយប្រទេស
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមបន្តកិច្ចសន្យាផ្គត់ផ្គង់ឧស្ម័ន ជាមួយប្រទេសស៊ែប៊ី ចំពេលមានវិបត្តិថាមពល ពិភពលោកកាន់តែអាក្រក់ឡើង ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា នេះបើតាមការប្រកាស របស់ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បន្ទាប់ពីការហៅទូរស័ព្ទទៅកាន់លោកPutinកាលពីថ្ងៃចន្ទ។
ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យតម្លៃឧស្ម័ន និងប្រេងពិភពលោកកើនឡើងយ៉ាងខ្លាំង ខណៈដែលការដឹកជញ្ជូន ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាចំណុចច្រកសមុទ្រដ៏សំខាន់បានធ្លាក់ចុះ ដល់កម្រិតមួយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ប្រទេសស៊ែប៊ី ដែលធ្លាប់រក្សាទំនាក់ទំនង ជិតស្និទ្ធជាមួយរុស្ស៊ី ជាប្រវត្តិសាស្ត្រ បានទប់ទល់នឹងសម្ពាធ របស់សហភាពអឺរ៉ុប ដើម្បីចូលរួមទណ្ឌកម្ម ឬកាត់ផ្តាច់ទំនាក់ទំនងថាមពល ជាមួយទីក្រុងមូស្គូ ជុំវិញជម្លោះអ៊ុយក្រែន។
វិមានក្រឹមឡាំងបានបញ្ជាក់ថា ការសន្ទនារវាងលោកPutin និងលោក Vucic បានផ្តោតជាសំខាន់លើ ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ជាពិសេសទាក់ទងនឹង ការផ្គត់ផ្គង់ថាមពល។ ប្រធានាធិបតីស៊ែប៊ី តាមសេចក្តីរាយការណ៍បានសម្តែងការ ដឹងគុណចំពោះការបន្ត ការផ្តល់ឧស្ម័នស្ថិរភាព ពីប្រទេសរុស្ស៊ី។
គួរឲ្យដឹងដែរថាបន្ទាប់ពីការអំពាវនាវនេះ លោក Vucic បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយស៊ែប៊ីថា លោក Putin បានយល់ព្រមបន្តកិច្ចសន្យាឧស្ម័នរយៈពេល៣ខែដែលនឹងផុតកំណត់ ថ្ងៃទី៣១ ខែមីនា។ យោងតាមប្រធានាធិបតីស៊ែប៊ី លោក Belgrade ទទួលបានលក្ខខណ្ឌអំណោយផលយ៉ាងខ្លាំង ជាមួយនឹងតម្លៃទាបជាងនៅអឺរ៉ុបភាគច្រើន៕
ប្រែសម្រួល៖ស៊ុនលី
