មន្ទីរផែនការខេត្តត្បូងឃ្មុំ សហការជាមួយវិទ្យាស្ថានជាតិស្ថិតិ បើកវគ្គបណ្តុះបណ្តាល «មូលដ្ឋានគ្រឹះស្ថិតិអនុវត្តន៍ នៅថ្នាក់ក្រោមជាតិ» ដល់មន្ត្រីជំនាញ
ត្បូងឃ្មុំ ៖ មន្ទីរផែនការខេត្តត្បូងឃ្មុំ បានសហការជាមួយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំបើកវគ្គ បណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះស្ថិតិអនុវត្តន៍ នៅថ្នាក់ក្រោមជាតិ» ជូនដល់មន្ត្រីនៃមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធជុំវិញ ខេត្តក្រោមអធិបតីភាព លោក សំ សុខសុធាវុធ អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ តំណាងដ៏ខ្ពង់ខ្ពស់ លោក ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ រួមជាមួយលោក អេង ណារ៉េត ប្រធានមន្ទីរផែនការខេត្តត្បូងឃ្មុំ និង លោក ចាន់ សំរិត អនុប្រធាននាយកដ្ឋានគោលនយោបាយ ស្តង់ដា និងសហប្រតិបត្តិការស្ថិតិ ។

ក្នុងនោះលោកស្រី គីន ស្រីម៉ៅ មន្ត្រីនៃមន្ទីរផែនការខេត្ត បានលើកឡើង ពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗជាច្រើនដែលមន្ទីរសម្រេចបាន ពិសេសលើការងារប្រមូលទិន្នន័យ ការចុះធ្វើអង្កេតកសិកម្ម-សេដ្ឋកិច្ច ការធ្វើបច្ចុប្បន្នភាពប័ណ្ណ សមធម៌ជូនគ្រួសារក្រីក្រ និងការចងក្រងកម្មវិធីវិនិយោគបី ឆ្នាំរំកិល របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។

លោកស្រី ជឿជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាឱកាសដ៏ល្អប្រសើរ សម្រាប់មន្ត្រីនៅថ្នាក់មូលដ្ឋានក្នុងការស្រូបយកចំណេះដឹងថ្មីៗ ដើម្បីបម្រើដល់ការងារអភិវឌ្ឍន៍មូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព។

យោងតាមរបាយការណ៍របស់ លោក ចាន់ សំរិត អនុប្រធាននាយកដ្ឋានគោលនយោបាយ ស្តង់ដា និងសហប្រតិបត្តិការស្ថិតិ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។ គោលបំណងសំខាន់នៃវគ្គសិក្សានេះ គឺដើម្បីបង្កើនការយល់ដឹង អំពីទស្សនទានមូលដ្ឋានរបស់ស្ថិតិ ដូចជា៖ ស្ថិតិពណ៌នា, ប្រភេទទិន្នន័យនិងអថេរ, រង្វាស់និន្នាការកណ្តាល, ការបង្ហាញទិន្នន័យតាមតារាងនិងក្រាហ្វិក រួមទាំងការអនុវត្តវិភាគទិន្នន័យជាក់ស្តែងតាមកម្មវិធី SPSS ជាដើម ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការប្រមូល និងផលិតទិន្នន័យស្ថិតិឱ្យមានសង្គតិភាព។

ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលជាផ្លូវការ លោក សំ សុខសុធាវុធ អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ គឺជាការរួមចំណែកដ៏មានតម្លៃ ក្នុងការកសាងធនធានមនុស្សផ្នែកស្ថិតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ស្តីពីការអភិវឌ្ឍមូលធនមនុស្ស។

លោកអគ្គនាយករង បានបន្ថែមថា បច្ចុប្បន្នវិទ្យាស្ថានជាតិស្ថិតិ ត្រូវបានរាជរដ្ឋាភិបាលប្រែក្លាយជា «គ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ» ដូច្នេះការពង្រឹងសមត្ថភាពមន្ត្រីអង្គភាពស្ថិតិថ្នាក់ក្រោមជាតិ គឺជារឿងចាំបាច់បំផុត ដើម្បីធានាថាវិទ្យាស្ថានអាចបំពេញតួនាទី ជាមជ្ឈមណ្ឌលទិន្នន័យជាតិប្រកបដោយគុណភាព ដែលទាមទារឱ្យមានការចូលរួមសហការ និងចែករំលែកទិន្នន័យច្បាស់លាស់ពីគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ក្រោមជាតិទាំងអស់។ លោកក៏បានផ្តាំផ្ញើឱ្យសិក្ខាកាម ដែលជាមន្ត្រីជំនាញជុំវិញខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ បទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ និងជួយលើកកម្ពស់ប្រព័ន្ធស្ថិតិជាតិកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕






