ព័ត៌មានជាតិ

ក្រសួងការងារ និង សមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និង ការបញ្ជូនពលករទៅជប៉ុន

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងសហការី នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាព នៃកិច្ចសហការ និងផ្លាស់ប្តូរយោបល់ លើការពង្រឹង កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក្នុងការអភិវឌ្ឍធនធានមនុស្ស ឱ្យស្របតាម តម្រូវការទីផ្សារ និងជំរុញការវិនិយោគ របស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ ពីទំនាក់ទំនងដ៏ល្អ រវាងក្រសួង និង JCA ដែលជាស្ពានភ្ជាប់អ្នកវិនិយោគ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និង សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការលើកកម្ពស់កម្លាំងពលកម្ម ជំនាញតាមរយៈការផ្តល់ឱកាសទៅធ្វើកម្មសិក្សា និងធ្វើការនៅជប៉ុន ។ លោក ហេង សួរ បានលើកឡើងពីសក្តានុពល ឱកាសវិនិយោគ និងការអភិវឌ្ឍកម្លាំង ពលកម្មនៅកម្ពុជា ជាពិសេសធនធានយុវជន កាន់តែមានសមត្ថភាពខ្ពស់ ប្រកបដោយថាមពល តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ស្របតាមតម្រូវការទីផ្សារ និងឧស្សាហកម្មដែលកំពុង ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយលោកបានសង្កត់ធ្ងន់ថា កម្ពុជាចង់ឃើញមានការបញ្ជូន ពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុន កាន់តែច្រើនឡើង។

លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យ JCA ពិចារណាស្វែងរកវិធីសាស្រ្តគន្លឹះក្នុងការបណ្តុះបណ្តាលភាសាជប៉ុនឱ្យកាន់តែងាយស្រួល និងឆាប់ចេះនិយាយ ជាពិសេសពាក់ព័ន្ធនឹងពាក្យបច្ចេកទេសដែលជាបញ្ហាប្រឈមមួយនាពេលកន្លងមក។

ភាគីទាំងពីរក៏បានពិភាក្សាពីសារៈសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានសមត្ថភាពខ្ពស់ និងពិតជាចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេស ដែលមិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នៅប្រទេសជប៉ុនផងដែរ។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនពីការពង្រឹង និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន ដែលក្នុងនោះ ក៏មានក្រុមហ៊ុន Toyota ជប៉ុនផងដែរ ។ ការណ៍នេះ បង្ហាញថា ក្រសួងស្វាគមន៍និងគាំទ្រ យ៉ាងពេញទំហឹង ចំពោះរាល់កិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ប្រទេសទាំងអស់ ដែលអាចជួយបំពេញបន្ថែម ទៅលើការណ្តុះបណ្តាល ធនធានមនុស្សនៅកម្ពុជាបាន ។ ក្រសួងស្វាគមន៍ចំពោះការវិនិយោគនៅកម្ពុជា ព្រមទាំងកិច្ចសហការផ្សេងៗទៀត ជាមួយភាគីជប៉ុន ជាពិសេសក្នុងវិស័យ TVET និង ការបើកឱកាសដល់យុវជនកម្ពុជា ទៅធ្វើការនៅជប៉ុនបន្ថែមទៀត។

ជាការឆ្លើយតប លោក តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោករដ្ឋមន្រ្តី ដែលបានផ្លាស់ប្តូរទស្សនៈ បទពិសោធ និងបង្ហាញពីការងារអាទិភាព ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយឯកឧត្តមបានគូសបញ្ជាក់ថា JCA ចង់ពង្រីកកិច្ចសហការជាមួយក្រសួង ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងការបញ្ជូនពលករខ្មែរទៅជប៉ុន ពីព្រោះថា ជប៉ុនកំពុងខ្វះខាតកម្លាំងពលកម្មវ័យក្មេង ។ លោក តាកាហាស៊ី ហ្វូមីអាគី ក៏បានអរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួង ចំពោះការគាំទ្រ JCA ឱ្យបានបំពេញប្រតិបត្តិការក្នុងរយៈពេល ៣ឆ្នាំមកនេះ ៕

To Top