ព័ត៌មានជាតិ

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ដែលទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥

កំពង់ចាម៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានានៅក្នុងសហគមន៍សំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលក្រសួងអភិវឌ្ឍន៍ជនបទ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥។

យោងតាមរបាយការណ៍ របស់លោកប្រធានសហគមន៍សំបូរមានជ័យ បានបង្ហាញឱ្យឃើញថាសហគមន៍ មានសមាជិកសរុបចំនួន ២ ២៧៣នាក់ មកពីឃុំចំនួន ១០ឃុំ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ។ សហគមន៍នេះ មានផ្ទៃដីចំការរួម ១៣ហិកតា សម្រាប់ដាំបន្លែ/បន្លែផ្ទះសំណាញ់ មានសមត្ថភាពផលិត ៥០០០ តោន/ឆ្នាំ, មានក្រុមសន្សំ និងក្រុមឥណទាន, និងមានឃ្លាំងស្តុកសម្រាប់ប្រមូលនិងផ្គត់ផ្គង់ស្រូវ បន្លែ ផ្លែឈើ និងស្មៅចំណីសត្វ។ លើសពីនេះទៀត សហគមន៍ក៏មានផលិតលក់ប្រេងស្លឹកគ្រៃ ផលិតជីធម្មជាតិ ជីលាមកសត្វ ជីកំប៉ុស្ដិ៍សម្រាប់លក់ឱ្យសមាជិកសហគមន៍។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលជាសមាជិកសហគមន៍ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍។

លោករដ្ឋមន្ដ្រី បានជម្រាបជូនអំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍនៅតំបន់ជនបទ ដោយបច្ចុប្បន្នក្រសួងចំនួន ៣ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងសហការគ្នា ជាសហថាមពល ដែលហៅកាត់ថាក្រុមការងារ “ត្រី-វិស័យ” ធ្វើការជំរុញនិងអភិវឌ្ឍសហគមន៍នៅតំបន់ជនបទឱ្យមានការរីកចម្រើនកាន់តែឆាប់រហ័ស។

លោករដ្ឋមន្ដ្រី បានបន្ដជម្រាបជូនអំពីតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការជំរុញការអភិវឌ្ឍ តាមរយៈការលើកកម្រិតគុណភាពផ្លូវឱ្យមានភាពធន់នឹងអាកាសធាតុ, លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ, ការអភិវឌ្ឍសហគមន៍និងចលនាភូមិគំរូ, ព្រមទាំងការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិតដើម្បីឱ្យប្រជាពលរដ្ឋមានមុខរបរនិងរកប្រាក់ចំណូលបន្ថែម ក្នុងគោលដៅធ្វើឱ្យសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព។

លោករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលកន្លងមកក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ដ្រី និងក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនជាលំដាប់ ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ដ្រី បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា ការពារនូវសមិទ្ធផលនានានៅក្នុងមូលដ្ឋាន ដែលរាជរដ្ឋាភិបាលបានកសាងឱ្យបានល្អប្រសើរ ដែលអាចបម្រើផលប្រយោជន៍បានយូរអង្វែង។

ជាចុងក្រោយ លោករដ្ឋមន្ដ្រី បាននាំយកអំណោយ និងថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់ក្រុបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍សម្រាប់គាំទ្រដល់ប្រតិបត្តិការរបស់សហគមន៍ផងដែរ៕

To Top