រដ្ឋមន្រ្តី ឌិត ទីណា ៖ វិស័យកសិកម្ម One Health ផ្តោតសំខាន់លើបង្ការជំងឺឆ្លង ក្នុងផលិតកម្មបសុសត្វ និងជលផល
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា សម្រាប់វិស័យកសិកម្ម One Health គឺផ្តោតសំខាន់លើបង្ការជំងឺឆ្លងក្នុងផលិតកម្មបសុសត្វ និងជលផល ដើម្បីធានាភាពធន់ផលិតកម្ម ព្រមទាំងការចូលរួមគាំទ្រការធានាសុខភាពសាធារណៈ។

ការលើកឡើងរបស់ លោក ឌិត ទីណា នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមគាំទ្រ ការអនុវត្តសកម្មភាព ពហុវិស័យ សុខភាពតែមួយ។
លោករដ្ឋមន្រ្តី បានលើកឡើងថា សម្រាប់វិស័យកសិកម្ម One Health គឺផ្តោតសំខាន់លើបង្ការជំងឺឆ្លងក្នុងផលិតកម្មបសុសត្វ និងជលផល ដើម្បីធានាភាពធន់ផលិតកម្ម ព្រមទាំងការចូលរួមគាំទ្រការធានាសុខភាពសាធារណៈ តាមរយៈការបង្ការការឆ្លងជំងឺពីសត្វមកមនុស្ស (Zoonotic Disease)។

ក្នុងន័យនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ គឺចូលរួមក្នុងការស៊ើបអង្កេត និងឆ្លើយតបទៅនឹងការផ្ទុះឡើងជំងឺសត្វ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលដើម្បីបង្ការការរីករាលដាល។ ក្នុងកិច្ចការនេះដែរ អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ ក៏ចូលរួមស៊ើបអង្កេតនិងឆ្លើយតបនឹងជំងឺសត្វព្រៃ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថានផងដែរ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ប្តេជ្ញាចិត្តយ៉ាង មុតមាំចំពោះគំនិតផ្តួចផ្តើមនេះ និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ដើម្បីប្រទេសកម្ពុជាក្លាយជាបុរេសកម្មក្នុងតំបន់៕
