ព័ត៌មានជាតិ

សម្តេចធិបតី ៖ កិច្ចសហប្រតិបត្តិការកម្ពុជា-ធនាគារ AIIB នឹងកាន់តែរឹងមាំ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បង្ហាញជំនឿចិត្តថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងកាន់តែរឹងមាំ និងមានផ្លែផ្កាបន្ថែមទៀត ។

ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីចូលជួបសម្តែងការគួរសម នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោកស្រី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ធនាគារ AIIB នឹងកាន់តែរឹងមាំ និងមានផ្លែផ្កាបន្ថែមទៀត។ សម្តេចធិបតីគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទាំង ៤ របស់ធនាគារ AIIB ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងវិស័យអាទិភាពរបស់កម្ពុជា។

សម្ដេចធិបតីមានប្រសាសន៍បន្ថែមទៀតថា ចំពោះការអភិវឌ្ឍ ថាមពលស្អាត រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅជំរុញការប្រើប្រាស់ ថាមពលកកើតឡើងវិញឱ្យបាន៧០% នៅឆ្នាំ២០៣០ និងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តឱ្យប្រើប្រាស់រថយន្តអគ្គិសនី (EV) ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវគោលដៅ អព្យាក្រឹតកាបូន នាពេលអនាគត។
ជាមួយគ្នានេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការកែសម្រួលវិធានការចាំបាច់មួយចំនួន ក្នុងវិស័យឡូជីស្ទិក និងថាមពល ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងសកលលោក។

សម្ដេចធិបតីបានលើកទឹកចិត្តឱ្យធនាគារ AIIB បន្តពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការ ជាក់ស្ដែងឱ្យសម្រេចបាននូវលទ្ធផល ជាអតិបរមាសម្រាប់ប្រជាជនកម្ពុជា៕

To Top