ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប​ ព្រមានអំពីការរំខាន ទីផ្សារថាមពលដ៏យូរអង្វែង​ ដែលបណ្តាលមក ពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា

ប្រ៊ុចសែល៖ លោក Dan Jorgensen ស្នងការថាមពលសហភាពអឺរ៉ុប បានឧ្យដឹងថា ជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា ទំនងជាបណ្តាលឱ្យមានការរំខានដ៏យូរអង្វែងដល់ទីផ្សារថាមពល ទោះបីជាអរិភាពបញ្ចប់ក្នុងពេលឆាប់ៗនេះក៏ដោយ។

រដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុប​ បានរៀបចំកិច្ចប្រជុំតាមវីដេអូមួយកាលពីថ្ងៃអង្គារ ដើម្បីសម្របសម្រួលការឆ្លើយតប។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំ លោក Jorgensen បានព្រមានថា ផលប៉ះពាល់នឹងមិនមានរយៈពេលខ្លីនោះទេ។

លោកបានលេីកឡេីងថា “ទោះបីជាមានសន្តិភាពនៅថ្ងៃស្អែកក៏ដោយ ក៏នៅតែមានផលវិបាកដែរ” ដោយកត់សម្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។

លោកបន្ដថា ចាប់តាំងពីជម្លោះបានចាប់ផ្តើមមក តម្លៃឧស្ម័ននៅក្នុងសហភាពអឺរ៉ុប​ បានកើនឡើងប្រហែល ៧០ភាគរយ និងតម្លៃប្រេងកើនឡើងប្រហែល ៥០ភាគរយ។ លោកបានបន្ថែមថា ជម្លោះប្រហែល ៣០ថ្ងៃបានបង្កើនតម្លៃនាំចូលឥន្ធនៈហ្វូស៊ីលរបស់ប្លុកចំនួន ១៤ពាន់លានអឺរ៉ូ (១៦.២ពាន់លានដុល្លារអាមេរិក) រួចទៅហើយ។

លោក​បាន​បន្ថែមថា គណៈកម្មការ​អឺរ៉ុប​កំពុង​រៀបចំ​កញ្ចប់​វិធានការ​មួយ​  ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ទីផ្សារ​ជា​បន្តបន្ទាប់ ស្រដៀង​គ្នា​នឹង​ជំហាន​ដែល​បាន​អនុវត្ត​ក្នុង​អំឡុង​វិបត្តិ​ថាមពល​  កាលពីក្នុងឆ្នាំ២០២២។

ខណៈពេល​ដែល​បាន​សង្កត់ធ្ងន់​ថា “គ្មាន​ដំណោះស្រាយ​តែមួយ​ដែល​សម​នឹង​ទាំងអស់​ទេ” លោក Jorgensen បាន​ជំរុញ​ឱ្យ​រដ្ឋ​ជា​សមាជិក​ពិចារណា​កាត់បន្ថយ​តម្រូវការ​ប្រេង ជាពិសេស​សម្រាប់​ប្រេង​ម៉ាស៊ូត និង​ប្រេង​យន្តហោះ ខណៈពេល​ដែល​ធានា​ការការពារ​សម្រាប់​ក្រុម​ងាយ​រងគ្រោះ៕

To Top