ព័ត៌មានជាតិ

កម្ពុជា-បង់ក្លាដែស បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគ្រោងចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) សារជាថ្មី លើវិស័យការងារ

ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក​ សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ របស់លោក​ ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សា ការងារជាមួយលោកFaiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌវិស័យការងារ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

លោករដ្ឋលេខាធិការ បានជម្រាប ជូនភ្ញៀវពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបញ្ជាក់ពីការពិនិត្យ ឡើងវិញ នូវខ្លឹមសារ នៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងការកំណត់កាលបរិច្ឆេទ សមស្របសម្រាប់កិច្ចប្រជុំក្រុមការងារបច្ចេកទេស លើកទី៣ ដោយនឹងរួមគ្នាពិនិត្យឱ្យបានល្អិតល្អន់លើទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការនេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។

ក្នុងឱកាសដដែលនោះ លោក​ Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតបង់ក្លាដែស បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានសម្របសម្រួលផ្ដល់បណ្ណការងារ និងសៀវភៅការងារជនបរទេស ជូនដល់ពលករជនជាតិបង់ក្លាដែស ដែលកំពុងបំពេញការងារ និងប្រកបរបរក្នុង ប្រទេសកម្ពុជា ។ លើសពីនេះ លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ ចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការបង្ក្រាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដែលជាកិច្ចការដ៏សំខាន់ ក្នុងការការពារសន្តិសុខ និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋ។

ភាគីទាំងពីរបានប្តេជ្ញា ចិត្តយ៉ាងមុតមាំក្នុង ការបន្តពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើវិស័យការងារ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-បង់ក្លាដែស៕

To Top