លោកបណ្ឌិត កៅ ថាច អញ្ជើញបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន ២៣៧នាក់
កណ្តាល ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ មូលដ្ឋានស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី២ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន ២៣៧នាក់។

នៅក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានេះដែរគឺ ដោយសារតែមន្រ្តីរាជការទាំងនេះកន្លង ទៅបានបំពេញការងារលើសពី ១០ឆ្នាំ និងមិនធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមកនោះទេ ។ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល,ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុកមន្ត្រីរាជការ បុគ្គលិកអប់រំ គ្រូបង្រៀន ជាប់កិច្ចសន្យាដែលសរុបអ្នកចូលរួមចំនួន ២៥០ នាក់។

នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារយ៉ាងសកម្ម ការលះបង់ពេលវេលា និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៅក្នុងស្រុកខ្សាច់កណ្តាល ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផល ជាច្រើនមានជាអាទិ៍ ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ។

ទន្ទឹមនោះ លោកបណ្ឌិតប្រតិភូ បានថ្លែងទៀតថា ការរៀបចំពិធីបំពាក់មេដាយនៅថ្ងៃនេះ គឺជាសក្ខីភាព នៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានខិតខំប្រឹងប្រែង បំពេញការងារ ដោយមិនខ្លាចការនឿយហត់ ជម្នះគ្រប់ឧបសគ្គយកអស់កម្លាំងកាយចិត្ត លះបង់ខ្ពស់ ក្នុងគ្រប់កាលៈទេសៈ ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិនិងប្រជាជន។

លើសពីនេះ លោកបណ្ឌិតបន្ថែមថា ការលះបង់និងការប្តេជ្ញាចិត្តរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្នុងការបំពេញ ភារកិច្ចបម្រើជាតិ និងប្រជាជន ដោយឆន្ទៈ មនសិការ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ សីលធម៌ គឺជា គំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ ដែលបច្ចុប្បន្ន យុវជនបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការងារសង្គម ការងារមនុស្សធម៌ និងការងារបរិស្ថាន។

លោកបណ្ឌិតប្រតិភូផ្តល់អនុសាសន៍ថា ជាមន្រ្តីរាជការត្រូវតែមានការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ ដោយចុះជាប់ជាមួយប្រជាពលរដ្ឋក្នុងសហគមន៍នៅមូលដ្ឋាន ដើម្បីពិនិត្យតាមដាន និងស្តាប់នូវសំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋប្រកដោយយុត្តធម៌។ ជាមន្រ្តីរាជការត្រូវមានឆន្ទៈក្នុងការបម្រើប្រជាពលរដ្ឋ និងការសម្រេចចិត្តត្រូវផ្អែកលើកត្តា៣ សំខាន់គឺ (១)កត្តាវិចារវិទ្យា (២)កត្តាប្រវត្តិសាស្រ្ត និង(៣)កត្តាឡូស៊ិក។

លោកបណ្ឌិត បានរំលឹកថា ការធ្វើជាមន្រ្តីរាជការត្រូវតែបំពេញតួនាទីនិងភារៈកិច្ចរបស់ខ្លួនឲ្យបានល្អ ជាពិសេស ត្រូវតែបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន មានសុខសុវត្តិភាព និងស្ថេរភាពក្នុងសង្គម ។ ដូច្នោះ សូមបន្តខិតខំប្រឹងប្រែង ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កាន់តែរឹងមាំ ដើម្បីបម្រើប្រជាជន និងអភិវឌ្ឍន៍ស្រុកខ្សាច់កណ្តាលឱ្យកាន់តែរីកចម្រើនផងដែរ៕



