ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ និងដោះស្រាយបញ្ហាប្រឈមឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល ប.ស.ស. នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៤ អាណត្តិទី២ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការបង្កើនចំណូល កាត់បន្ថយចំណាយ និងការធ្វើឱ្យកិច្ចការទាំងឡាយប្រកបដោយតម្លាភាព ជាពិសេសនៅក្នុងកាលៈទេសៈជួបបញ្ហាប្រឈមនៃវិបត្តិសកល ។

ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការប្រឹងប្រែងទាំងនេះ ជួយធានាបានយ៉ាងរឹងមាំនូវនិរន្តរភាព និងគុណភាពលើការផ្តល់សេវា ជូនបងប្អូនសមាជិក ប.ស.ស. ឱ្យទទួលបានអត្ថប្រយោជន៍ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។ លោកបានសង្កត់ធ្ងន់ថា នៅពេលដែលប្រជាពលរដ្ឋ ទទួលបានសេវាកាន់តែប្រសើរ និងមានសុខភាពល្អ នោះគឺជាជោគជ័យរបស់ ប.ស.ស.។

លោក ហេង សួរ បញ្ជាក់ថា ការបង្កើនចំណូលសម្រាប់រក្សាប្រតិបត្តិការ ប.ស.ស. ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព គឺជាអ្វីដែលជាការចង់បានបំផុត ខណៈដែលមិនចង់ ឱ្យរដ្ឋបង្កើនចំណាយ ប៉ុន្តែការបង្កើនចំណូលនោះ ក៏មិនត្រូវជាបន្ទុកបន្ថែមលើភាគីណាមួយ នៅក្នុងកាលៈទេសៈ នៃវិបត្តិសកលនាពេលនេះដែរ ។ ក្នុងស្មារតីនេះ លោកបានជំរុញអង្គប្រជុំមកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាសិក្សារកផ្នែកដែលចំណាយច្រើន ហើយត្រូវពង្រឹងប្រសិទ្ធភាព នៃការចំណាយតាមយន្តការដែលមានស្រាប់ ប្រកបដោយការយោគយល់គ្នាខ្ពស់។

លើសពីនេះ ដើម្បីទាក់ទាញសមាជិក ប.ស.ស. ឱ្យទៅទទួលសេវានៅមន្ទីរពេទ្យថ្នាក់ស្រុក និងខេត្ត ក៏ដូចជាជួយសម្រាលបន្ទុកដល់មន្ទីរពេទ្យថ្នាក់ជាតិនោះ លោក​រដ្ឋមន្ត្រី​ក៏បានផ្តល់អនុសាសន៍ឱ្យមានការបង្កើនប្រសិទ្ធភាពសេវាកម្មនៅមន្ទីរពេទ្យមូលដ្ឋាន ជាមួយនឹងការបំពាក់ឧបករណ៍បន្ថែម ព្រមទាំងបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ជាពិសេសនោះ គឺការលើកទឹកចិត្តឱ្យសាធារណជនទាក់ទងតាមប្រព័ន្ធលេខHotline ១២៨៦ ភ្លាមៗនៅពេលជួបប្រទះបញ្ហា។

ក្នុងឱកាសនោះដែរ តំណាងនិយោជក និងនិយោជិត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងការងារ ចំពោះការគ្រប់គ្រង បានយ៉ាងល្អក្នុងដំណើរ ការផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប បើទោះបីជាប្រទេសជួប ប្រទះជម្លោះព្រំដែន និងវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាយ៉ាងណាក៏ដោយ។

កិច្ចពិភាក្សាបានដំណើរការយ៉ាងផុសផុលលើរបៀបវារៈសំខាន់ៗរួមមាន៖ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ របស់ ប.ស.ស. បញ្ហាប្រឈម និងវិធានការដោះស្រាយ, ផែនការសកម្មភាពប្រចាំឆ្នាំ ២០២៦ និង របាយការណ៍លទ្ធផលការងារសម្រេចបានឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តជាដើម៕

To Top