ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ ត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ដំណោះស្រាយដឹកជញ្ជូន ចំពេលមានភាពតានតឹង នៅមជ្ឈិមបូព៌ា

ម៉ូស្គូ៖​ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឧ្យដឹងថា ប្រទេសនេះ អាចផ្តល់ដំណោះស្រាយ​ ដើម្បីជួយរៀបចំ រចនាសម្ព័ន្ធភស្តុភារកម្ម និងពាណិជ្ជកម្មសកលឡើងវិញ ចំពេលមានការវិវឌ្ឍថ្មីៗនៅមជ្ឈិមបូព៌ា។

លោក ពូទីន បានធ្វើការកត់សម្គាល់នេះ ខណៈពេលកំពុងចូលរួមវេទិកាដឹកជញ្ជូន និងភស្តុភារកម្មអន្តរជាតិលើកដំបូង ដែលកំពុងប្រារព្ធឡើងនៅទីក្រុងសាំងពេទឺប៊ឺគ ក្នុងសប្តាហ៍នេះ ។ លោកបានលេីកឡេីងថា ការដឹកជញ្ជូន និងភស្តុភារកម្ម ជាសសរស្តម្ភសំខាន់ៗនៃសេដ្ឋកិច្ចពិភពលោក កំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់។

លោកបានបន្ដថា សង្គ្រាមអ៊ីរ៉ង់​ បានប៉ះពាល់ដល់ទីផ្សារ ថាមពលសកល និងការដឹកជញ្ជូនប្រេង និងឧស្ម័នឆ្លងកាត់ ច្រកសមុទ្រហ័រមូស រួចហើយ ដោយកត់សម្គាល់ថា ប្រទេស និងក្រុមហ៊ុនកំពុង ដាក់ការសង្កត់ធ្ងន់ កាន់តែខ្លាំងឡើង មិនត្រឹមតែលើល្បឿន និងថ្លៃដើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើសុវត្ថិភាព និងភាពធន់នៃផ្លូវដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ ។

លោកបានបន្ថែមថា ប្រទេសរុស្ស៊ីអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងក្របខ័ណ្ឌភស្តុភារកម្ម សកលថ្មីមួយ ដោយផ្តល់ជូននូវផ្លូវ ដែលមានប្រសិទ្ធភាពខាងសេដ្ឋកិច្ច និងមានសមត្ថភាពធ្វើពិពិធកម្ម លំហូរដឹកជញ្ជូនអន្តរជាតិ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top