ព័ត៌មានអន្តរជាតិ

លោក​ ម៉ាក្រុង​ អះអាងថា​ បារាំង មិនចូលរួមក្នុងសកម្មភាព យោធារវាងអាមេរិក និងអ៊ីស្រាអែល​ ប្រឆាំងនឹងអ៊ីរ៉ង់នោះទេ

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល​ ម៉ាក្រុង​ បានឧ្យដឹងថា បារាំងមិនចូលរួមក្នុងសកម្មភាពយោធា​ ដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ដើម្បីឆ្លើយតបទៅនឹង ការចោទប្រកាន់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ។

លោក ម៉ាក្រុង ត្រូវបានដកស្រង់សម្តីដោយប៉ុស្តិ៍ព័ត៌មានបារាំង BFMTV ថា «វាជាការពិតទាំងស្រុងដែលបារាំង ដែលមិនត្រូវបានពិគ្រោះយោបល់ និងមិនមែនជាផ្នែកមួយ នៃការវាយលុកយោធា​ ដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនបានចូលរួមនោះទេ»។

នៅក្នុងការបង្ហោះមួយនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ Truth Social លោក ត្រាំ បានអះអាងថា «បារាំងនឹងមិនអនុញ្ញាតឱ្យយន្តហោះ​ ដែលធ្វើដំណើរទៅកាន់អ៊ីស្រាអែល ដែលផ្ទុកដោយសម្ភារៈយោធា ហោះហើរលើទឹកដីបារាំងនោះទេ» ដោយពណ៌នាអំពីប្រទេសនេះថា​ មិនមានប្រយោជន៍ខ្លាំង និងព្រមានថាស​ហរដ្ឋអាមេរិកនឹងចងចាំទុក ។

ដើម្បីឆ្លើយតបទៅនឹងមតិ យោបល់ទាំងនេះ វិមាន Elysee បានបញ្ជាក់ជាថ្មីថា ជំហររបស់បារាំងនៅតែមិនផ្លាស់ប្តូរ។ សេចក្ដីថ្លែងការណ៍​នេះ​បាន​ឧ្យដឹងថា «យើង​សូម​បញ្ជាក់​ពី​ការ​សម្រេច​ចិត្ត​នេះ ដែល​ស្រប​នឹង​ជំហរ​របស់​ប្រទេស​បារាំង​ ចាប់តាំងពី​ដើម​ជម្លោះ​មក»។

ប្រទេស​បារាំង​ ​បាន​ប្រឆាំង​នឹង​ប្រតិបត្តិការ​យោធា ​ដែល​បាន​ចាប់ផ្ដើម​ ដោយ​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​  ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់ ដោយ​ពិពណ៌នា​ថា​  ប្រតិបត្តិការ​ទាំងនោះ​ ជាការ​នៅ​ក្រៅប្រព័ន្ធច្បាប់​អន្តរជាតិ៕

To Top