នាយឧត្តមសេនីយ៍ ស ថេត ៖ ការធានាសន្តិសុខ សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី គឺជាបេសកកម្មយុទ្ធសាស្ត្រ
ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា ការធានាសន្តិសុខ និងសុវត្ថិភាព នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅចុងឆ្នាំ២០២៦ខាងមុនេះ គឺជាបេសកកម្មយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុត។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល និងវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទី៤ ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់ និងមានវិសាលភាពធំទូលាយដែលប្រមូលផ្តុំដោយប្រទេសជាសមាជិកជាង៩០ប្រទេស ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូល ដូចជាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិជាច្រើន។

លោកថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាវេទិកាអន្តរជាតិសម្រាប់ការពិភាក្សា និងសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាបង្ហាញអំពីកិត្យានុភាព ឧត្តមភាព និងតួនាទីទទួលខុសត្រូវខ្ពស់របស់កម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះនៅលើឆាកអន្តរជាតិ ផងដែរ។
នាយឧត្តមសេនីយ៍បន្ថែមថា សម្រាប់ឆ្នាំ២០២៦នេះ កម្ពុជាមានកិត្តិយស និងឱកាសជាប្រវត្តិសាស្ត្រ ដោយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលដ៏ធំនេះជាលើកដំបូង ដែលជាសញ្ញាបញ្ជាក់អំពីការជឿទុកចិត្តពីសហគមន៍អន្តរជាតិ និងសមត្ថភាពរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិកម្រិតខ្ពស់បែបនេះ ។
នាយឧត្តមសេនីយ៍ ស ថេត បញ្ជាក់ថា ការធានាសន្តិសុខ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូទាំងអស់គឺ ជាបេសកកម្មយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ខ្ពស់បំផុត ដែលមិនអាចឲ្យមានកំហុស ឬការធ្វេសប្រហែសមួយជ្រុងណាបានឡើយ។ សន្តិសុខ នៃព្រឹត្តិការណ៍នេះ មិនត្រឹមតែទាក់ទងនឹងសុវត្ថិភាពបុគ្គល នៃអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធដោយផ្ទាល់ទៅនឹងកិត្តិយសជាតិ ភាពជឿជាក់អន្តរជាតិ និងភាពជោគជ័យរួម នៃការរៀបចំព្រឹត្តិការណ៍ទាំងមូល ៕
