មូលនិធិ K-Firefly របស់កូរ៉េ មានបំណងបង្កើត Platform ជាភាសាខ្មែរ
ភ្នំពេញ ៖ មូលនិធិ K-Firefly មានបំណងបង្កើត Platform ជាភាសាខ្មែរ សម្រាប់អ្នកប្រើប្រាស់ជនជាតិខ្មែរ ដែលរស់នៅក្នុងប្រទេសកូរ៉េ ឆាប់ៗខាងមុខនេះ ។

ការបង្ហាញពីគោលបំណងនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងក្រុមគណៈប្រតិភូមូលនិធិ K-Firefly ដឹកនាំដោយលោក KIM Gwang-Mo ប្រធានមូលនិធិ K-Firefly នៅស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៣ ខែមេសា ។

មូលនិធិ K-Firefly គឺជាអង្គការក្រៅរដ្ឋាភិបាលដែលបង្កើតឡើងដោយអតីតមន្ត្រីរាជការកូរ៉េមកពីក្រសួង-ស្ថាប័នចំរុះ ក្នុងគោលបំណងរក្សាសុខសុវត្ថិភាព និងការពារពលករបរទេស ដែលរស់នៅក្នុងប្រទេសកូរ៉េ។ K-Firefly បានសហការជាមួយក្រុមហ៊ុន LG បង្កើតកម្មវិធី App ដែលបញ្ចូលមុខងារផ្តល់ព័ត៌មាន ចាំបាច់មួយចំនួនដូចជាផែនទី ទីតាំងមន្ទីរពេទ្យ ទីតាំងមជ្ឈមណ្ឌលគាំពារពលករ ជាដើម សម្រាប់សម្រួលដល់ការរស់នៅ របស់ជនបរទេសនៅកូរ៉េ។

បច្ចុប្បន្ន App នេះបានបកប្រែជា២០ភាសាផ្សេងគ្នា សម្រាប់អ្នកប្រើប្រាស់បរទេស ដែលរស់នៅក្នុងប្រទេសកូរ៉េ តែមិនទាន់មានភាសាខ្មែរនៅឡើយទេ ទើបមូលនិធិ K-Firefly មានបំណងបង្កើត Platform ជាភាសាខ្មែរ សម្រាប់អ្នកប្រើប្រាស់ជនជាតិខ្មែរ នៅប្រទេសកូរ៉េ ៕


