ព័ត៌មានជាតិ

សមាគមជប៉ុន-កម្ពុជា បន្តចូលរួមជាមួយ វិស័យសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ សមាគមជប៉ុន-កម្ពុជា (JCA) បន្តចូលរួមជាមួយវិស័យសុខាភិបាលកម្ពុជា លើកិច្ចសហប្រតិបត្តិបណ្តុះបណ្តាល ធនធានមនុស្ស លើផ្នែកមន្ទីរពេទ្យ ព្រមទាំងវិស័យឱសថ ។

ក្នុងជំនួបជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោក Fumiaki Takahashi អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព ។ ក្នុងនោះ សមាគមជប៉ុន-កម្ពុជា ក៏បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល ដឹកនាំក្រុមហ៊ុនជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជាក្នុងផ្នែកសហគ្រាសធុនតូច និងមធ្យម ដែលមានចំណាប់អារម្មណ៍ ចំពោះវិស័យសំខាន់ៗ នៅកម្ពុជា ព្រមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ទៅលើការអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការជាប្រព័ន្ធ។

ចំណែកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តសមាគមជប៉ុន-កម្ពុជា បន្តជួយសហការកៀរគរ វិនិយោគិនជប៉ុន ទាំងផ្នែកឯកជន និងអង្គការសប្បុរសធម៌នានា បន្ថែមទៀត មកបណ្តាក់ទុនវិនិយោគ ក៏ដូចជាជំនួយសហប្រតិបត្តិការ អភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការអភិវឌ្ឍធនធានមនុស្សសុខាភិបាល លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍមូលដ្ឋានសុខាភិបាល ដើម្បីរួមចំណែកជាមួយ នឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា សំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ។

លោក Fumiaki Takahashi បានសន្យាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជប៉ុន-កម្ពុជា លើវិស័យសុខាភិបាល ដោយខិតខំបន្ថែមទៀត ជំរុញឱ្យសមាគមធុរកិច្ចជប៉ុនសហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ៕

To Top