ព័ត៌មានជាតិ

រដ្ឋមន្រ្តីយុត្តិធម៌ ៖ ទ្រព្យសម្បត្តិ របស់អតីតឧកញ៉ាចេន ហ្ស៊ី នឹងត្រូវរឹបអូសជាសម្បត្តិរដ្ឋ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានលើកឡើងថា ករណី ទ្រព្យសម្បត្តិ របស់អតីតឧកញ៉ា ចេន ហ្ស៊ី ដែលមានមធ្យោបាយនៃបទល្មើស ជាផលនៃបទល្មើស និងជាផលនៃការសម្អាតប្រាក់ នឹងត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ ។

ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាព្រឹកថ្ងៃទី៣ មេសា ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ បានថ្លែងថា ករណីបទល្មើសរបស់អតីតឧកញ៉ា ចេន ហ្ស៊ី គិតជាទិដ្ឋភាពច្បាប់សម្រាប់ទ្រព្យសម្បត្តិ សុទ្ធតែជាកម្មវត្ថុនៃការរឹបអូស ចូលជាទ្រព្យសម្បត្តិរដ្ឋ ។

រដ្ឋមន្ត្រីបញ្ជាក់ថា សមត្ថកិច្ចជំនាញកំពុងដំណើរការរឹបអូសទ្រព្យសម្បត្តិដែលទទួលបានពីបទល្មើស ខណៈសំណុំរឿងនៃបទល្មើសនេះមានច្រើន។
ឧបនាយករដ្ឋមន្រ្តីបន្ថែមថា «ទិដ្ឋភាពច្បាប់ ទ្រព្យសម្បត្តិ ដែលមានមធ្យោបាយ នៃបទល្មើស ជាផលនៃបទល្មើស និងទ្រព្យសម្បត្តិ ដែលជាផល នៃការសម្អាតប្រាក់ សុទ្ធតែជាកម្មវត្ថុនៃការរឹបអូស ចូលជាទ្រព្យសម្បត្តិរដ្ឋ ជាថវិការបស់ជាតិ»។

សូមបញ្ជាក់ថា លោក ចេន ហ្ស៊ី គឺជាអគ្គនាយកក្រុមហ៊ុន Prince Group ជាមេខ្លោងឧក្រិដ្ឋកម្មឆបោកឆ្លងដែន និងលាងលុយកខ្វក់រាប់ពាន់លានដុល្លារ ត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅចិន កាលពីខែមករា ឆ្នាំ២០២៦ ។ លោក ចេន ហ្ស៊ីត្រូវបានគេដឹងបានប្រើប្រាស់ក្រុមហ៊ុនPrince group ធ្វើជាមុខរបរស្របច្បាប់ ដើម្បីប្រព្រឹត្តបទល្មើសឆបោក ៕

To Top