អ៊ីរ៉ង់អះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំង F-35 របស់អាមេរិក ក្នុងទឹកដីរបស់ខ្លួន
បរទេស៖ យោធាអ៊ីរ៉ង់ បានបាញ់ទម្លាក់យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកមួយគ្រឿងនៅលើទឹកដីរបស់ខ្លួន , នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រួមទាំងទីភ្នាក់ងារសារព័ត៌មាន Tasnim បានអះអាងពីការបាញ់ទម្លាក់នេះ។ មន្ត្រីអាមេរិកក៏ បានបញ្ជាក់ពីការ បាត់បង់យន្តហោះ F-15 មួយគ្រឿង ហើយបានអះអាងថា អ្នកបើកយន្តហោះម្នាក់ ត្រូវបានជួយសង្គ្រោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ថា រូបភាព និងវីដេអូដែលអះអាងថា បង្ហាញកន្លែងធ្លាក់យន្តហោះ រួមទាំងរូបភាព នៃកម្ទេចកម្ទី និងកៅអីអ្នកបើកយន្តហោះដែលត្រូវបានបញ្ចេញ គឺត្រូវបានចេញផ្សាយ ។ រូបភាពទាំងនេះបង្ហាញ ពីអ្វីដែលហាក់ដូចជាកន្ទុយ និងផ្នែកផ្សេងទៀត នៃយន្តហោះដែលមានសរសេរថា “កងទ័ពអាកាសអាមេរិកនៅអឺរ៉ុប”។
យោងតាមកាសែត The Guardian , យន្តហោះនេះអាចជាផ្នែកមួយនៃកងអនុសេនាធំទី 494 របស់កងទ័ពអាកាសអាមេរិក ដែលមានមូលដ្ឋាននៅ Royal Air Force ក្នុងទីក្រុង Lakenheath ចក្រភពអង់គ្លេស។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាមេរិក Axios បានរាយការណ៍ ដោយដកស្រង់ ប្រភពរបស់ខ្លួនថា យន្តហោះដែលធ្លាក់ នោះគឺជាយន្តហោះ F-15 មិនមែនជាយន្តហោះ F-35 ជំនាន់ចុងក្រោយបំផុតនោះទេ។ យោងតាមសារព័ត៌មាន CBS សមាជិកនាវិកម្នាក់ ក្នុងចំណោម សមាជិកនាវិកពីរនាក់ របស់យន្តហោះនេះ ត្រូវបានជួយសង្គ្រោះ ដោយកិច្ចខិតខំប្រឹង ប្រែងស្វែងរកនៅតែ “កំពុងដំណើរការ”។
ប្រែសម្រួលៈ ណៃ តុលា
