យន្ដហោះវាយប្រហារ A-10 របស់អាមេរិក ត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់ នៅជិតច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ កងទ័ពអ៊ីរ៉ង់បានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះវាយប្រហារ A-10 “Warthog” របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ លើដែនទឹកភាគខាងត្បូងរបស់អ៊ីរ៉ង់ នៅជិតច្រកសមុទ្រហ័រមូស ដោយយន្តហោះបានធ្លាក់ ចូលទៅក្នុងឈូងសមុទ្រពែក្ស។
ការប្រកាសនេះ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់កងទ័ព បានកើតឡើងភ្លាមៗ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានឧ្យដឹងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកមួយគ្រឿង នៅក្នុងដែនអាកាសកណ្តាលអ៊ីរ៉ង់ផងដែរ។ ។
ក្រោយមកនៅថ្ងៃសុក្រ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ Black Hawk របស់សហរដ្ឋអាមេរិក ក៏ត្រូវបានបាញ់ទម្លាក់ដោយគ្រាប់ផ្លោង នៅក្នុងដែនអាកាសអ៊ីរ៉ង់ ខណៈពេលកំពុងស្វែងរកអ្នកបើកយន្តហោះចម្បាំងអាមេរិក ដែលត្រូវបានបាញ់ទម្លាក់។
សហរដ្ឋអាមេរិកមិនទាន់បានធ្វើអត្ថាធិប្បាយ ជាផ្លូវការលើការអះអាងរបស់អ៊ីរ៉ង់នៅឡើយទេ ។ នៅថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ ជាច្រើនទៀត ដោយបាន សម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិលរាប់រយនាក់ផ្សេងទៀង ។
អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនសារ ដែលកំណត់គោលដៅលើទ្រព្យសម្បត្តិ របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា៕
