សម្ដេចធិបតី ៖ ការប្រើផលិតផលក្នុងស្រុក ជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែជាការគាំទ្រ ដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ជាការបង្ហាញ នូវមោទនភាពជាតិ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា ការប្រើប្រាស់ផលិតផល ក្នុងស្រុកជំនួស ផលិតផលនាំចូលពីបរទេស មិនត្រឹមតែជាការគាំទ្រ ដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញ នូវមោទនភាពជាតិ ព្រមទាំងជំរុញ ឱ្យមានភាពរីកចម្រើនផងដែរ។
តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។
សម្ដេចធិបតី យល់ឃើញថា ចលនាភូមិមួយផលិតផលមួយ បានរួមចំណែកយ៉ាងសកម្មក្នុងការ ជួយលើកកម្ពស់ផលិតផល ជនបទឱ្យក្លាយជាផលិតផលពាណិជ្ជកម្ម ជួយបង្កើតការងារ និងចំណូលសម្រាប់គ្រួសារ ជួយអភិរក្សវប្បធម៌ សិប្បកម្មបុរាណ ជួយបង្កើតអត្តសញ្ញាណផលិតផលតាមតំបន់ និងជួយជំរុញឱ្យសហគមន៍មានសមត្ថភាព គ្រប់គ្រងអាជីវកម្ម និងបង្កើនភាពច្នៃប្រឌិតដោយខ្លួនឯង។
សម្ដេចធិបតី បន្ថែមថា ជាក់ស្តែង ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានបង្កើតឡើងតាមរយៈការផលិត និងកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់នៅតាមមូលដ្ឋាន ឱ្យក្លាយជាគ្រឿងឧបភោគបរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ។ ផលិតផលទាំងនេះពោរពេញដោយគំនិតច្នៃប្រឌិត ការរក្សាទុកប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ជាតិខ្មែរ ហើយបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណជាតិ និងតម្លៃវប្បធម៌របស់យើងជាមួយនឹងគុណភាពល្អ តម្លៃសមរម្យ និងបរិមាណគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «បច្ចុប្បន្ន យើងឃើញថា ផលិតផលក្នុងស្រុកបាន និងកំពុងក្លាយជាផលិតផល ដែលមានសក្តានុពលខ្ពស់ ក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងទីផ្សារទូទាំងប្រទេស និងបានជំរុញឱ្យប្រជាពលរដ្ឋប្តូរឥរិយាបថ និងបង្កើនទំនុកចិត្តលើផលិតផលខ្មែរកាន់តែខ្លាំងឡើងជាបន្តបន្ទាប់។ ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃនៃផលិតផលដែលកើតចេញ ពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើន»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ក្នុងគោលបំណងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុលផុស រៀបចំទិវាជាតិ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ ដែលក្នុងឆ្នាំ២០២៦ នេះ គឺជាទិវាជាតិលើក កម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៩ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»៕
