ខែមីនា មានគ្រោះអគ្គិភ័យកើតឡើង ៦១ករណី បណ្ដាលឱ្យឆេះផ្ទះសំបែង ៤៣ខ្នង
ភ្នំពេញ ៖ ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៦១ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ ៤៣ខ្នង តូប២០ បន្ទប់១០ ឡថ្នាំជក់១កន្លែង និងឡចំហុយសន្លឹកថ្នាំជក់២កន្លែង។
ក្រៅពីនេះ គ្រោះកាចនេះ ក៏បណ្ដាលឱ្យឆេះគំនរអេតចាយ ១កន្លែង រោង ៣កន្លែង ម៉ាស៊ីន ៣គ្រឿង បំពង់កម្ដៅ១ គ្រឿង រថយន្ត២គ្រឿង ព្រៃ៥កន្លែង ដើមប្រេងខ្យល់៣៥០ដើមព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ។ បើធៀបនឹងខែកុម្ភៈ ករណីអគ្គិភ័យដែលកើតមានឡើងក្នុងខែមីនាបានថយ ចុះ៣៦ករណី និងការខូចខាតផ្ទះសំបែង ប្រជាពលរដ្ឋបានថយចុះ៤០ខ្នង ។ នេះបើតាមរបាយការណ៍ដដែល។
ប្រភពដដែល បន្ដថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ នូវការប្រើប្រាស់ប្រភពភ្លើង ពោលគឺមុនចាកចេញ ពីលំនៅដ្ឋានត្រូវពន្លត់ភ្លើង ទៀន ធូប ឬបិទកុងតាក់ភ្លើង ចង្ក្រានហ្គាសឱ្យបានរួចរាល់ និងមានសុវត្ថិភាព ។ ក្នុងករណីមានអគ្គិភ័យកើតឡើង សូមទាក់ទងទៅកាន់លេខ ១១៨ ឬតាមតេឡេក្រាម ១១៨ ដើម្បីសុំការអន្តរាគមន៍ពីកម្លាំងជំនាញ ឬរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន៕
