កម្ពុជា បណ្ដេញជនបរទេស ខុសច្បាប់ចំនួន ១,០៨៤នាក់ ចេញពីប្រទេស
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនបរទេស ១,០៨៤នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធបទល្មើសនានា។

បើតាម អគ្គនាយកដ្ឋានអន្តោប្រវេសន៍, នៅដើមខែមេសា ចាប់ពីថ្ងៃទី១ ដល់ទី៥ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ១,០៨៤នាក់ ស្រី ១៣០នាក់ ចេញពីប្រទេស។

ជនបរទេសទាំងនោះ មាន ២៧សញ្ជាតិ រួមមាន ៖ យ៉ូហ្គង់ដា ប៉ាគីស្ថាន រវ៉ាន់ដា កេនយ៉ា នេប៉ាល់ ឥណ្ឌូនេស៊ី ហ្គាណា ហ្វីលីពីន កាមេរូន ចិន ឥណ្ឌា រុស្សី អង់គ្លេស ចិនតៃវ៉ាន់ នីហ្សេរីយ៉ា បង់ក្លាដេស ម៉ាឡេស៊ី ឡាវ អាមេរិក អ៊ូបេគីស្ថាន ជប៉ុន អេត្យូពី កូរ៉េ មីយ៉ាន់ម៉ា ប៊ូរុនឌី ស៊ូដង់ និងសារ៉ាលីអូន ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះ មានជនជាតិចិនចំនួន ៤៨០នាក់ (ស្រី១៦នាក់) ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោចំនួន ៣២៧នាក់ និងបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គចំនួន ១៥៣នាក់ និងមានជនបរទេសមួយចំនួនទៀត ពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់ នៅកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមជម្រាបជូនថា ការបណ្ដេញចេញ ជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការ ច្បាប់យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង បោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការ លើកលែងនោះឡើយ ចំពោះមេខ្លោង ដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះ ជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕
