ឧបនាយករដ្ឋមន្ត្រី ស សុខា ទទូចដល់អាណាព្យាបាល ត្រូវបញ្ជូនកូនទៅចុះឈ្មោះចូលរៀនកុំបីខាន ដើម្បីអនាគតដ៏ភ្លឺស្វាង សម្រាប់កុមារគ្រប់រូប
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានព្រៃវែង បានទទូចនិងអំពាវនាវ ដល់អាណាព្យាបាលគ្រប់រូប មានកូន ប្អូន ឬក្មួយ គ្រប់អាយុចូលរៀន ត្រូវបញ្ជូនទៅចុះឈ្មោះចូលរៀនកុំបីខាន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ជាពិសេសដើម្បីប្រែក្លាយពួកគេ ឱ្យទៅជាធនធានមនុស្សដ៏មានសក្ដានុពល ចូលរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿង និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង មាន៤បន្ទប់ និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៅសាលាមត្តេយ្យសិក្សាពោធិ៍អណ្តោត ស្ថិតក្នុងភូមិពោធិ៍អណ្តោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នេះ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបញ្ជូនកូន ប្អូន ឬក្មួយ ដែលគ្រប់អាយុចូលរៀន គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់អាណាព្យាបាលគ្រប់រូប ព្រោះកុមារប្រៀប ដូចជាក្រដាសសមួយផ្ទាំង ដែលងាយនឹងទទួលយកនូវការអប់រំ និងការបណ្ដុះបណ្ដាល។ លោក ថា «បើសិនជាយើងអាចផ្ដល់ នូវចំណេះដឹង និងគុណធម៌ដល់ពួកគាត់ បានទាន់ពេលវេលា នោះពួកគាត់នឹងក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំ ដែលមានទាំងសមត្ថភាព និងសីលធម៌ ដើម្បីបន្តវេនក្នុងការដឹកនាំ និងការពារមាតុភូមិទៅថ្ងៃអនាគត»។

ប្រមុខក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់ថា កុមារ ដែលបានចូលរៀន ចាប់ពីថ្នាក់មត្តេយ្យសិក្សាឡើងទៅ គឺភាគច្រើនបានប្រឡង ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ព្រោះដោយសារពួកគាត់ មានមូលដ្ឋានគ្រឹះ នៃការយល់ដឹងតាំងពីតូច ដែលធ្វើឱ្យការបន្តការ សិក្សានៅថ្នាក់ខ្ពស់ៗ មិនមានភាពរអាក់រអួល ហើយថែមទាំងជួយឱ្យកុមារមានភាពក្លាហាន និងមានវិន័យរឹងមាំក្នុងការសិក្សា ជាងកុមារ ដែលមិនបានឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា ៕





