ប្រធានចារកម្ម IRGC របស់អ៊ីរ៉ង់ ត្រូវបានសម្លាប់
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Mojtaba Khamenei បានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះឧត្តមសេនីយ៍ជាន់ខ្ពស់ នៃកងឆ្មាំបដិវត្តន៍ អ៊ីស្លាម (IRGC) ដោយថា “ការធ្វើឃាត និងឧក្រិដ្ឋកម្ម” ប្រឆាំងនឹងថ្នាក់ដឹកនាំអ៊ីរ៉ង់ នឹងមិនបញ្ឈប់ដំណើរ របស់ប្រទេសនោះទេ ។
នៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរមួយ លោក Khamenei បានសរសើរលោក Majid Khademi ប្រធានអង្គការការពារចារកម្មរបស់ IRGC សម្រាប់ “កិច្ចខិតខំប្រឹងប្រែងស្ងាត់ៗក្នុងវិស័យសន្តិសុខ ចារកម្ម និងការពារជាតិ” របស់ប្រទេសអ៊ីរ៉ង់ អស់រយៈពេលជាច្រើនទសវត្សរ៍។
លោកក៏បានចោទប្រកាន់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកថា បានងាកទៅរក “ភេរវកម្ម និងការធ្វើឃាត បន្ទាប់ពី ការបរាជ័យជាបន្តបន្ទាប់” ។ លោក Khademi ត្រូវបានសម្លាប់នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃចន្ទនៅក្នុង ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
លោក Khamenei បានសម្តែងការចូល រួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងសមមិត្តរបស់លោក Khademi ក៏ដូចជាមេបញ្ជាការផ្សេងទៀត នៃអង្គការចារកម្មរបស់ IRGC។
លោក Khademi ត្រូវបានតែងតាំងជាប្រធានអង្គការចារកម្ម កាលពីខែមិថុនា ឆ្នាំមុន បន្ទាប់ពីសង្គ្រាមរយៈពេល ១២ ថ្ងៃរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលក្នុងនោះលោក Mohammad Kazemi អតីតប្រធានអង្គការនេះត្រូវបានសម្លាប់៕
ប្រែសម្រួល ឈូក បូរ៉ា
