ព័ត៌មានជាតិ

ក្រសួងការងារ និងសមាគម TAFTAC ប្តេជ្ញាពង្រឹងភាពជាដៃគូ ដើម្បីបន្តអភិវឌ្ឍ វិស័យវាយនភណ្ឌ កាត់ ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូបនៅកម្ពុជា

ភ្នំពេញ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Enjoy Ho ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងគណៈកម្មការប្រតិបត្តិថ្មី នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួង ដើម្បីពង្រឹងភាពជាដៃគូ ក្នុងការជំរុញការអភិវឌ្ឍវិស័យការងារ ឱ្យកាន់រីកចម្រើនប្រកប ដោយសមត្ថភាពប្រកួតប្រជែង និងរក្សាបាននូវទីផ្សារសម្រាប់ការនាំចេញផលិតផលពីកម្ពុជា ដែលបានជួយបង្កើតការងារ ជូនកម្មករនិយោជិតប្រមាណ ១,២ លាននាក់ និងអ្នកដែលទទួលផល ដោយប្រយោលពីវិស័យនេះ ប្រមាណ ៣លាននាក់។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងរឹងមាំរបស់សមាគម TAFTAC ដែលបានដំណើរការដោយជោគជ័យជិត៣០ឆ្នាំមកហើយ ដែលរួមចំណែកធ្វើឱ្យវិស័យនេះ រីកចម្រើនរហូតមកដល់ពេលនេះ។

ជាមួយគ្នានេះ លោកក៏បានអបអរសាទរចំពោះលោក Enjoy Ho ដែលត្រូវបានបោះឆ្នោតជាប់ជាប្រធានសមាគម TAFTAC សម្រាប់អាណត្តិទី១៧ (២០២៦-២០២៨) ដោយលោកជឿជាក់ថា ក្រោមការដឹកនាំថ្មីប្រកបដោយថាមពលនេះនឹងធ្វើឱ្យ TAFTAC កាន់តែមានសាមគ្គីភាពដ៏រឹងមាំ និងការរីកចម្រើន បន្តរួមចំណែកក្នុងការលើកកម្ពស់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។

លោករដ្ឋមន្រ្តីបានរំលឹកថា សមាគម TAFTAC អតីត GMAC គឺជាដៃគូប្រវត្តិសាស្ត្រសហការយ៉ាងជិតស្និទ្ធ ដោះស្រាយរាល់បញ្ហាប្រឈមរួមគ្នា ក្នុងដំណាក់កាលស្ថានភាព មិនមានស្ថិរភាព រហូតដល់ក្លាយទៅ ជាកិច្ចសហការ ដែលសុខដុមរមនា និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដោយលោកបានគូសបញ្ជាក់ថា ប្រសិនបើមិនមានវត្តមាន សមាគមទេ នោះវិស័យនេះក៏មិនអាចរីកចម្រើនបានដល់កម្រិតនេះដែរ។

ទាំងនេះបានកើតចេញពីការប្តេជ្ញាចិត្ត និងភាពអត់ធ្មត់រួមគ្នា ការគោរពគ្នាទៅវិញទៅមក ជាពិសេស ក្នុងអំឡុងពេលមានបញ្ហា លើប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសមាគមបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកម្ពុជាលើការចរចា ដោយពន្យល់ពីការលើកកម្ពស់លក្ខខណ្ឌការងារល្អ សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងតួនាទីសំខាន់របស់កម្មការិនីក្នុងវិស័យនេះជាដើម។

លើសពីនេះ លោក​ ហេង សួរ បានគូសបញ្ជាក់ថា សមាគម TAFTAC ក៏ជាដៃគូយ៉ាងសំខាន់ និងអាចជឿទុកចិត្ត របស់រាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត ក្នុងយន្តការចរចាត្រីភាគី បង្កើតវេទិកាសន្ទនា ដែលជួយរក្សា ពង្រីក និងលើកកម្ពស់លក្ខខណ្ឌការងារ សុខុមាលភាព និងសិទ្ធិការងារ សម្រាប់កម្មករនិយោជិត ព្រមទាំងប្រយោជន៍ស្របច្បាប់ របស់វិនិយោគិននៅកម្ពុជា ។ ជាក់ស្តែងនាពេលថ្មីៗនេះ សមាគមបានចូលរួមចំណែកដ៏ធំធេង ក្នុងការសម្របសម្រួល ជាមួយសមាជិក ក្នុងការផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក បន្ថែមលើប្រាក់សោហ៊ុយ ធ្វើដំណើរ និងស្នាក់នៅ សម្រាប់ប្អូនកម្មករនិយោជិត ក្នុងអំឡុងពេលនៃវិបត្តិថ្លៃ ប្រេងឥន្ធនៈជាសកលនេះ។

ជាការឆ្លើយតប លោក Enjoy Ho បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក​ហេង សួរ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃក្នុងការជជែកពិភាក្សា ក៏ដូចជាការបន្តការគាំទ្ររហូតមក ដោយលោកបានណែនាំថ្នាក់ដឹកនាំថ្មីក្នុងអាណត្តិរបស់លោក ជាមួយនឹងទិសដៅអាទិភាពការងារសំខាន់ៗរបស់សមាគម។ លោកក៏បានធ្វើការកត់សម្គាល់ពីការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាកិច្ចសហការកាន់តែជិតស្និទ្ធយូរអង្វែងរវាងសមាគម និងក្រសួងការងារ ដោយសង្កត់ធ្ងន់ថា ក្រសួងការងារគឺនៅតែជាស្នូលដ៏សំខាន់បំផុត សម្រាប់កិច្ចសហប្រតិបត្តិការរបស់សមាគម ។ ទន្ទឹមនឹងនេះទស្សនវិស័យ និងគោលនយោបាយ របស់ក្រសួងការងារគឺ ពិតមានសារៈសំខាន់ និងរក្សាបាននូវតុល្យភាព ដែលបានគាំទ្រយ៉ាងច្រើន ក្នុងការរីកចម្រើនរបស់សមាគម ក៏ដូចអ្នកវិនិយោគ។

លោក Enjoy Ho បានបង្ហាញការជឿជាក់លើការដឹកនាំលោករដ្ឋមន្រ្តី ហើយប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តពង្រឹង និងពង្រីកសហការយ៉ាងស៊ីជំរៅជាមួយគ្នា ដើម្បីបន្តលើកកម្ពស់ស្តង់ដាកម្មករនិយោជិត វិស័យកាត់ដេរ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយស្ថិរភាព៕

To Top