ព្រះមហាក្សត្រ ៖ ក្រោមការដឹកនាំរបស់លោក TO LAM នឹងធ្វើឱ្យកម្ពុជា-វៀតណាម កាន់តែ ជិតស្និទ្ធ
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលថា ប្រទេសវៀតណាម ក្រោមការដឹកនាំដោយ លោក TO LAM នឹងកាន់តែធ្វើឱ្យទំនាក់ទំនង រវាងកម្ពុជា-វៀតណាម រឹតតែជិតស្និទ្ធបន្ថែមទៀត ។

ក្នុងព្រះរាជសារប្រទានទៅលោក TO LAM អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាមប្រធានរដ្ឋវៀតណាម ព្រះមហាក្សត្រ មានព្រះរាជបន្ទូលជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រធានរដ្ឋសាធារណរដ្ឋ សង្គមនិយមវៀតណាម នឹងបន្តទទួលបានមហាជោគជ័យ មានការអភិវឌ្ឍរីកចម្រើនជឿនលឿនលើគ្រប់វិស័យ និងរក្សាបានតួនាទីដ៏សំខាន់នៅក្នុងតំបន់ និងនៅក្នុងពិភពលោក ។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលសង្ឃឹមថា ប្រជាជាតិទាំងពីរ កម្ពុជា និងវៀតណាម ដែលជាប្រទេសជិតខាងគ្នា កាន់តែមានទំនាក់ទំនងជិតស្និទ្ធ ហើយបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាតិ បានកាន់តែល្អប្រសើរឡើងថែមទៀត ។
សូមបញ្ជាក់ថា លោក TO LAM ត្រូវបានសម័យ ប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភាជាតិវៀតណាម នីតិកាលទី១៦ បានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ ៕
